ខ្លួនប្រាណមនុស្សយើងមានកម្តៅធម្មតា ប្រមាណ៣៧អង្សារ។ គេចាត់ទុកថាមានជំងឺក្តៅខ្លួន នៅពេលណាសីតុណ្ហភាពខ្លួន ឡើងលើសពីពី៣៨អង្សារ។ ជាទូទៅ អាការៈក្តៅខ្លួនមិនមែនជាជំងឺធ្ងន់ធ្ងរទេ ប៉ុន្តែចាំបាច់ត្រូវផ្តល់ការព្យាបាលប្រសិនបើកកម្តៅឡើងលើសពី ៣៨អង្សារកន្លះ។ លោកវេជ្ជបណ្ឌិត ង៉ែត ពិសេស គ្រូពេទ្យឯកទេសកុមារនៅមន្ទីរពេទ្យអង្គការកុមារអង្គរ នាក្រុងសៀមរាប ដែលជាមន្ទីរពេទ្យអង្គការទទួលព្យាបាលកុមារដោយឥតគិតថ្លៃជារៀងរាល់ សូមជម្រាបជូនអស់លោកអ្នកនាងអំពីអាការៈជំងឺក្តៅខ្លួន ថាតើនៅពេលណាដែលត្រូវព្រួយបារម្ភ នាំមកមន្ទីរពេទ្យ និងពេលណាដែលអាចរក្សាថែកូននៅផ្ទះដោយគ្មានការព្រួយបារម្ភ។
ក្តៅខ្លួន ជាអាការៈសញ្ញាមួយប្រាប់ថាសរីរាង្គកាយកំពុងធ្វើប្រតិកម្មការពារខ្លួនប្រឆាំងនឹងអ្វីមួយ ៖ ការបង្ករោគ ការរលាក ការចាក់ថ្នាំបង្ការ ឬការដុះធ្មេញ ...
ជាទូទៅ បើត្រឹមតែជាការក្តៅខ្លួន ទោះខ្លាំងបន្តិចក្តី ក៏មិនមែនជាជំងឺធ្ងន់ធ្ងរឡើយ តែប្រសិនបើការក្តៅខ្លួនមានបង្ហាញនូវរោគសញ្ញាផ្សេងទៀតៗ ដូច មានកន្ទូលលើស្បែក ភ្នែកស្លឺ នោះអ្នកជាឪពុកម្តាយត្រូវប្រញាប់រួសរាន់នាំកូនមកមន្ទីរពេទ្យ។
ការវាស់កម្តៅ
ប្រសិនបើកូនក្មេងមានសភាពនឿយហត់ មិនសូវលេង មានសភាពដូចជាឈឺ ថ្ងាសក្តៅ កូននោះប្រហែលជាមានជំងឺក្តៅខ្លួនហើយ។ ដូច្នេះលោកអ្នកត្រូវវាស់សីតុណ្ហភាពភ្លាម
- ដោយប្រើប្រដាប់វាស់កម្តៅ ទែរមូម៉ែត្រ នៅចន្លោះពេលបាយ និងក្រោយពីក្មេងបានសម្រាកពីលេង២០នាទី។
- ការវាស់កម្តៅដោយប្រើដៃស្ទាប គ្មានសុក្រិតភាពទេ ប៉ុន្តែចំពោះបណ្តាជនក្រីក្រនៅជនបទដែលគ្មានលទ្ធភាព និងគ្មានជម្រើសផ្សេង សូមប្រើខ្នងដៃស្ទាបថ្ងាសកូន ដាក់ឱ្យយូរ បើជាកម្តៅដូចភ្លើង ទើបអាចចាត់ទុកថាក្មេងមានអាការៈក្តៅខ្លួនបាន។
តើត្រូវគិតគូរបញ្ចុះកម្តៅ ដោយស្វ័យប្រវត្តិ និងដោយវិធីណា ?
ក្តៅខ្លួនជាអាការៈជំងឺធម្មតា មិនធ្ងន់ធ្ងរទេជាទូទៅ ហើយនឹងអាចបាត់ទៅវិញនៅរវាងពីរឬបីថ្ងៃក្រោយ។ ក្នុងករណីក្តៅល្មមៗ ហើយកុមារនៅទប់ទល់បាន នៅលេង នៅញ៉ាំ យើងមិនបាច់អ្វីត្រូវផ្តល់ថ្នាំព្យាបាលបំបាត់អាការៈក្តៅខ្លួននោះឡើយ តែត្រូវតាមដាននិងប្រុងប្រយ័ត្នជាប់ជានិច្ច។
ផ្ទុយទៅវិញ លោកអ្នកត្រូវតែផ្តល់ការព្យាបាល និងទៅជួបគ្រូពេទ្យប្រសិនបើ
- កូនមានអាការៈក្តៅខ្លួនលើសពីពីរថ្ងៃ
- កម្តៅឡើងលើសពី ៣៨,៥អង្សារ
- កូនមានអាយុក្រោមបីខែ
- កូនលែងលេង លែងញ៉ាំ
- កូនមានបញ្ហាសុខភាពជាប់នឹងខ្លួន ឬធ្លាប់មានជំងឺរ៉ាំរៃ
ក្នុងពេលរង់ចាំ និងមុនទៅដល់មន្ទីរពេទ្យ
- ប្រើកន្សែងសើម ជ្រលក់ទឹកធម្មតា (មិនត្រជាក់ពេក មិនក្តៅពេក) ជូតថ្មមៗ និងបន្តិចៗម្តង ឱ្យសព្វពេញខ្លួន និងគ្របតាមគន្លាក់ដៃជើង គ្រលៀន ដើម្បីបញ្ចុះសីតុណ្ហភាព
- ព្រលែងខ្លួនកុមារឬទារក ឬកុំពាក់ខោអាវជិតនិងក្រាស់ៗ
- ផ្តល់ទឹកឱ្យកុមារនិងទារកញ៉ាំឱ្យបានច្រើន
- ផ្តល់ថ្នាំត្រជាក់ ប៉ារ៉ាសេតាម៉ុល តាមកំរិតទម្ងន់ និងអាយុរបស់កុមារ
ដោយវេជ្ជបណ្ឌិត ង៉ែត ពិសេស គ្រូពេទ្យឯកទេសកុមារនៅមន្ទីរអង្គការកុមារអង្គរក្រុងសៀមរាប៕
ប្រភព៖ នាទីសុខភាពនិងអនាម័យរបស់វិទ្យុបារាំង
