សារៈសំខាន់នៃការពិនិត្យអេកូសាស្រ្តទារក ក្នុងផ្ទៃ!!

ការពិនិត្យអេកូទារកក្នុងផ្ទៃមានសារៈសំខាន់ណាស់ មិនអាចខ្វះបាន សម្រាប់ការអនុវត្តន៍ជាក់ស្តែងនៅផ្នែកសម្ភព។ គឺជាការផ្តល់ភាពសុក្រឹត និងអត្ថប្រយោជន៍ជាច្រើន ក្នុងករណីមានការចូលរួមពីលោក-លោកស្រី ជាមាតា បិតា។ ខាងក្រោមនេះជាការណែនាំនូវចំណុចទាំងឡាយដែល លោក-លោកស្រីគួរចងចាំ នៅពេលពិនិត្យអេកូ៖

១) ការពិនិត្យដើម្បីរកអាយុគភ៌ និងកាលបរិច្ឆេទគ្រប់ខែ៖

ស្រ្តីដែលមានផ្ទៃពោះទាំងអស់ ចាំបាច់គួរពិនិត្យនៅពេលគភ៌មានអាយុពី ១១ ទៅ១៤សប្តាហ៏ គឺជាការពិនិត្យដែលផ្តល់ភាពសុក្រិតជាងគេ ហើយស្ត្រី ត្រូវចងចាំនូវកាលបរិច្ឆេទគ្រប់ខែនោះរហូតដល់ពេល សម្រាលកូន។

២) ការពិនិត្យកាយសម្បទារបស់ទារកក្នុងផ្ទៃ៖

ស្រ្តីដែលមានផ្ទៃពោះគួរធ្វើការពិនិត្យនៅសប្តាហ៍ទី២២ ដល់ ២៤ គឺជាពេលវេលាសមស្រប ដែលអាចអោយយើងពិនិត្យ បានងាយស្រួល ព្រោះសរីរាង្គទារកធំល្មម និងបរិដ្ឋានជុំវិញទារកមានសភាពស្រឡះល្អ។ ការពិនិត្យមុន ឬក្រោយ ពេលនេះមានលក្ខណៈពិបាក និងមិនសព្វ ជ្រុងជ្រោយ។ ៨០%នៃជំងឺរបស់ទារកក្នុងផ្ទៃ ត្រូវបានពិនិត្យឃើញ ដោយសារការធ្វើអេកូសាស្រ្ត។

៣) ការពិនិត្យសម្រាប់វាយតំលៃការសម្រាល៖

ការពិនិត្យអេកូត្រូវធ្វើឡើងនៅចន្លោះពី ៣២ ទៅ ៣៤ សប្តាហ៍ ព្រោះអាចឲ្យយើងដឹងអំពីទម្រង់ ទំហំ ទម្ងន់របស់ទារក ទីតាំងសុក និងបរិមាណទឹកភ្លោះ ដែលមានទំនាក់ទំនងយ៉ាងជិតស្និតទៅនឹង លទ្ធភាពនៃការសម្រាលកូន។

៤) ការណែនាំផ្សេងៗទៀត៖

ការពិនិត្យអេកូផ្ទៃពោះមិនមានផលប៉ះពាល់ដល់សុខភាពរបស់ម្តាយ និងទារកឡើយ។


  • ការពិនិត្យអេកូត្រូវធ្វើឡើងយ៉ាងតិច៣ដង ក្នុងអំឡុងពេលពីមាន ផ្ទៃពោះរហូតដល់គ្រប់ខែ ក្នុងករណីការវិវត្តន៍របស់ ផ្ទៃពោះធម្មតា។ គ្រប់ការពិនិត្យអេកូត្រូវមានការណែនាំជាមុនពីគ្រូពេទ្យជំនាញ ដើម្បីជៀសវាងការពិនិត្យច្រើនដង ឥតប្រយោជន៍ខាតពេល វេលានិងថវិការ។ ករណីផ្ទុយពីនេះ ការពិនិត្យអេកូត្រូវធ្វើឡើង បន្ថែមទៀត តាមការតាមដានរបស់គ្រូពេទ្យជំនាញ ទៅតាមករណី ដែលបានជួបប្រទះ។
  • គ្រប់ការពិនិត្យអេកូផ្ទៃពោះមិនចាំបាច់ពិសារទឹកជាមុន ដើម្បីអោយ មានទឹកនោមក្នុងប្លោកនោមទេ។ លើកលែងតែក្នុងករណីការពិនិត្យ អេកូផ្ទៃពោះក្នុងខែដំបូង ការពិនិត្យទីតាំងសុក និងវាស់ប្រវែងរបស់ មាត់ស្បូន។


“រាល់ពេលមកពិគ្រោះជាមួយអ្នកជំនាញរោគស្ត្រី និងសម្ភព និងមកទទួល ពិនិត្យអេកូសាស្ត្រទារកនៅមន្ទីរពេទ្យកាល់ម៉ែត សូមលោក-លោកស្រី ជម្រាបគ្រប់ពត៌មានអំពីស្ថានភាពសុខភាពនៃមាតា និងបំរែបំរួល នៃទារក។”

ប្រភព៖ facebook page Hospital Calmette