ការដកដង្ហើមជ្រៅៗ វែងៗ អ្នកអាចធ្វើវាពេលណាក៏បាន គឺគ្រប់ទីកន្លែង។ គ្រាន់តែដកដង្ហើមយឺតៗ និងជ្រៅៗតាមច្រមុះរបស់អ្នក នៅពេលនោះអ្នកនឹងមានអារម្មណ៍ថាខ្យល់បាននឹងកំពុងបំពេញដល់សួតរបស់អ្នក ហើយគ្រាន់តែជំរុញខ្យល់ឱ្យយឺតៗតាមរយៈមាត់ ពេលនោះអ្នកនឹងមានអារម្មណ៍ថាអុកស៊ីសែនចេញពាសពេញរាងកាយ។ ក្រៅពីអត្ថប្រយោជន៍បែបនេះ តើវាមានហេតុផលអ្វីខ្លះដែលយើងគួរតែហាត់ដកដង្ហើមវែងៗជ្រៅៗ ឬយឺតៗ?
១. អាចសម្រក់ទម្ងន់
ការដកដង្ហើមជ្រៅៗ អាចនាំមកនូវអុកស៊ីសែនបន្ថែមដល់បេះដូង ហើយការធ្វើបែបនេះ អាចបង្កើនសមត្ថភាពសរសៃឈាមបេះដូង និងបរិមាណអុកស៊ីសែនដែលត្រូវបញ្ជូនទៅកោសិការបស់យើង។ ដូចជាការហាត់ប្រាណតាមបែប aerobic ដែរ ការដកដង្ហើមជ្រៅៗអាចរក្សាកោសិការបស់យើងនិងជំរុញការដុតខ្លាញ់បានទៀតផង។
២. ជួយក្នុងការបន្សាបជាតិពុល
ផ្នែកពណ៍លឿងនៃសរសៃឈាមឬប្រព័ន្ធឡាំហ្វាទិចរបស់យើងគឺទទួលខុសត្រូវក្នុងការបញ្ចេញជាតិពុលនិងយកកាកសំណល់ចេញពីប្រព័ន្ធភាពស៊ាំ។ មិនដូចបេះដូងទេ ប្រព័ន្ធឡាំហ្វាទិច គឺគ្មានស្នប់ចូលក្នុងខ្លួនទេ។ ដូច្នេះ ដើម្បីរក្សាការផ្លាស់ទីជាតិពុល គឺវាពឹងផ្អែកលើការដកដង្ហើមនិងចលនារាងកាយក្នុងការបន្សាបជាតិពុល។
៣. ធ្វើឱ្យប្រព័ន្ធប្រសាទដំណើរការល្អ បាត់ភាពតានតឹង
ការដកដង្ហើមជ្រៅៗ អាចធ្វើឱ្យប្រព័ន្ធសរសៃប្រសាទដំណើរការយ៉ាងមានប្រសិទ្ធិភាព ជួយបំបាត់ភាពតានតឹង និងធ្វើឱ្យអារម្មណ៍ស្ងប់ស្ងៀម។
៤. បំបាត់ការឈឺចាប់
នៅពេលយើងប្រឈមមុខនឹងការឈឺចាប់ ជាទូទៅ យើងតែងតែដកដង្ហើមធំ ហើយការដកដង្ហើមពេលការឈឺចាប់គឺជាអ្វីដែលនឹងជួយយើងច្រើនបំផុត។ នៅពេលដកដង្ហើមជ្រៅៗ នោះវានឹងអាចបញ្ចេញនូវអុកស៊ីសែនឈាមបណ្តាលឱ្យខួរក្បាលរបស់យើងបញ្ចេញអ័រម៉ូន Endorphins ដែលជាអ័រម៉ូនម្យ៉ាង អាចជួយបន្ថយភាពតានតឹងនៅក្នុងខ្លួននិងបន្ថយកម្រិតនៃការឈឺចាប់បាន។
៥. ភាពច្បាស់លាស់ខាងផ្លូវចិត្ត
ជាទូទៅ យើងតែងតែគិតរឿងច្រើនយ៉ាង ធ្វើឱ្យមានភាពច្របូកច្របល់ខាងផ្លូវចិត្តចំពោះជនគ្រប់ៗរូប។ យើងបានដឹងខ្លះហើយថា ខួរក្បាលឬការគិតរបស់យើងវាប្រៀបបីដូចជាសត្វស្វា ដែលមួយភ្លេតគិតរឿងនេះ គិតរឿងនោះផ្ទួនៗ និងច្របូកច្របល់ដែលអាចរំខានដល់ផ្នូវចិត្តរបស់យើង។ ដូច្នេះ ការដកដង្ហើមជ្រៅៗ អាចជួយឱ្យយើងប្រមូលអារម្មណ៍ឱ្យមូល ដើម្បីគិតអំពីរឿងបច្ចុប្បន្នដែលខ្លួនកំពុងស្ថិននៅ ជាជាងគិតអំពីអតីត ឬអានាគតដែលមិនទាន់មកដល់។ នៅពេលដែលយើងកំពុងដកដង្ហើមយឺតៗ វែងៗ វាអាចធ្វើឱ្យមានការបញ្ចេញនូវអកម៉ូនម្យ៉ាងឈ្មោះថា អេម៉ូហ្វីន ដែលបង្កើតបានជាអារម្មណ៍ស្ងប់ស្ងាត់៕
ប្រភព៖ គេហទំព័រ THENEXTCAMBODIA