ជំងឺមហារីកបំពង់អាហារ គឺជាការវិវត្តមិនប្រក្រតី (លឿនខុសធម្មតា) នៃកោសិការរបស់បំពងអាហារ បង្កើតបានជាដុំសាច់ ដែលយើងតែងតែហៅថាជាជំងឺដុំសាច់មហារីក (cancer) នៃបំពង់អាហារ។ ជំងឺនេះត្រូវបានចែកជាពីរប្រភេទធំៗគឺ ពួកស្កេមមើសសែល ការសីណូមម៉ា (sqamous cell carcinoma) និងអាដេណូការសីណូមម៉ា (adenocarcinoma) ។

ក) តើជំងឺដុំមហារីកបំពង់អាហារ អាចមានរោគសញ្ញាអ្វីខ្លះ?

យើងតែងតែសង្កេតឃើញថា អ្នកជំងឺដែលមានដុំមហារីកបំពង់អាហារនេះ គឺមានរោគសញ្ញាដូចជា៖
  • អួលណែន និងពិបាកលេបអាហារចូល (ដំបូង អាហាររឹង បន្ទាប់មករាវ និងចុងក្រោយទឹកក៏ពិបាកលេបដែរ)
  • ឈឺចុកចាប់ នៅពេលបរិភោគអាហារ
  • ក្អូតចង្អោរ បន្ទាប់ពីបរិភោគអាហាររួច
  • មានការចុកណែនអួល ក្នុងដើមទ្រូង
  • មានការស្លេកស្លាំង និងខ្វះគ្រាប់ឈាមក្រហម
  • ចុះខ្សោយ អស់កម្លាំង កំហែង និងល្ហិតល្ហៃ
  • មិនចង់ទទួលទានអាហារ និងធុំសាច់
  • ស្រកទម្ងន់ខ្លាំងខុសពីធម្មតា
  • ពេលខ្លះវាក៏អាចបណ្តាលអោយមានការហូរធ្លាក់ឈាមផងដែរ។ល។

ខ) តើមានមូលហេតុអ្វីខ្លះដែលអាចបណ្តាលអោយកើតមានឡើងនៃដុំមហារីកនេះ?

កត្តាប្រឈមដែលអាចបង្ករអោយមានដុំមហារីកនេះកើតមានបានមានដូចជា៖
  • ការពិសារបារី រយះពេលវែង
  • បរិភោគសុរាច្រើនហួសកំរិត
  • ជំងឺច្រាលជាតិអាស៊ីតរបស់ក្រពះ និងរលាកបំពង់អាហាររ៉ាំរៃដោយមិនបានព្យាបាលត្រឹមត្រូវតាមក្បួនច្បាប់វេជ្ជសាស្រ្ត (GERD)
  • អាយុច្រើន (លើសពី ៥៥ ឆ្នាំ)
  • ភេទ ប្រុស
  • ការទទួលទានចំណីរអាហារមិនសមស្រប។ល។


គ) ការធ្វើរោគវិនិច្ឆ័យ៖

វិធីតែមួយគត់ដែលច្បាស់លាស់ ដើម្បីធ្វើរោគវិនិឆ្ឆ័យជំងឺមហារីកបំពង់អាហារនេះបាននោះគឺ ការថតឆ្លុះក្រពះ ព្រមទាំងធ្វើការយកសាច់ទៅវិភាគនៅមន្ទីរពិសោធ៍ (Gastric Fibroscopy and Anapath)។ បន្ទាប់ពីនោះក៏ត្រូវមានផងដែរគឺ ការថតស្គេន មើលដើមទ្រូង និងផ្ទៃពោះ (Thoraco-abdomonal CT-SCAN with injection) ដើម្បីកំណត់បាននៅដំណាក់កាល និងការវិត្តន៍របស់ជំងឺ ហើយក៏ដើម្បីអនុញ្ញាតអោយក្រុមគ្រូពេទ្យកំណត់ទៅលើការព្យាបាលផងដែរ។

ឃ) ការព្យាបាល៖

ការព្យាបាលជំងឺដុំមហារីកបំពង់អាហារនេះ គឺត្រូវទាមទារអោយមានការចូលរួម ពីសំណាក់ក្រុមវេជ្ជបណ្ឌិតច្រើនមុខជំនាញ ដើម្បីធ្វើការពិភាគសាររិះរកវិធីមួយដែលល្អបំផុតសំរាប់អ្នកជំងឺ ទើបការព្យាបាលអាចមានប្រសិទ្ធិភាពខ្ពស់ និងចំគោលដៅ ក្នុងនោះមានៈ

  • ក្រុមវេជ្ជបណ្ឌិតផ្នែក ថ្លើម ក្រពះ ពោះវៀន
  • ក្រុមវេជ្ជបណ្ឌិតផ្នែកវះកាត់
  • ក្រុមវេជ្ជបណ្ឌិតផ្នែក ជំងឺមហារីក
  • និងក្រុមវេជ្ជបណ្ឌិតផ្នែករូបភាពវេជ្ជសាស្ត្រ
  • សំខាន់ជាងនេះទៅទៀតក្រុមគ្រួសារអ្នកជំងឺនិងអ្នកជំងឺផ្ទាល់ក៏ត្រូវចូលរួមក្នុងការធ្វើការសំរេចចិត្តផងដែរ ។ ជំរើសជាច្រើននិងត្រូវបានលើកឡើង ផលប្រយោជន៏ និង ផលវិបាក នៃជំរើសនិមួយៗត្រូវបានពន្យល់និងធ្វើការពិភាគសរជាមួយអ្នកជំងឺ និង ក្រុមគ្រោះសារ ។ ការសំរេចត្រូវតែមានការព្រមឋព្រៀងពីអ្នកជំងឺនិងក្រុមគ្រួសារ។

ទោះជាយ៉ាងណា ប្រសិទ្ធិភាពនៃការព្យាបាលជំងឺមហារីកបំពងអាហារគឺមានកម្រិត ដោយភាគច្រើននៃអ្នកជំងឺមកជួបពិគ្រោះជាមួយគ្រូពេទ្យគឺមានសភាពធ្ងន់ធ្ង ដែលជាហេតុនៃការយឺតយ៉ាវក្នុងការធ្វើរោគវិនិច្ឆ័យ (អ្នកជំងឺមកជួបគ្រូពេទ្យយឺតពេល) ។ ការព្យាបាលដែលមានប្រសិទ្ធិភាពបំផុតគឺត្រូវធ្វើនូវតំណាក់កាលដំបូង ដែលអ្នកជំងឺមិនទាន់មានលេចចេញជារោគសញ្ញា ។ ការឆ្លុះក្រពះគឺជាវិធីសាស្រ្តតែមួយគត់ដែលអាចអោយយើងដោះស្រាយបញ្ហានេះបាន ។

“សូមជួបជាមួយវេជ្ជបណ្ឌិតជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺនេះឲ្យទាន់ពេលវេលា!”

ប្រភព៖ facebook page Hospital Calmette