ធ្មេញថ្គាមទាល់ ឬធ្មេញថ្គាមធំទី៣ ជាធ្មេញដែលដុះក្រោយគេ ស្ថិតនៅក្នុងចន្លោះអាយុពី១៨ ទៅ២០ឆ្នាំ។ ធ្មេញថ្គាមទាល់មានចំនួន៤ គឺខាងលើ២ និងខាងក្រោម២ ហើយជាញឹកញាប់ យើងសង្កេតឃើញថា ធ្មេញថ្គាមទាល់ខាងក្រោមភាគច្រើនដុះផ្អៀង ឬកប់មួយផ្នែក ឬកប់ទាំងមូលនៅក្នុងឆ្អឹង ដែលប្រឈមនឹងការវះកាត់យកចេញ។

១)ហេតុអ្វីត្រូវធ្វើការវះកាត់ថ្គាមទាល់?

តាមរយៈ NICE guideline (National Institute For Health and Clinical Excellence) ការវះកាត់ថ្គាមទាល់ធ្វើឡើងក្នុងករណីដូចខាងក្រោមៈ

  • ការរលាកអញ្ចាញ ឬហើមសាច់ដែលគ្របលើធ្មេញថ្គាមទាល់ញឹកញាប់
  • ធ្មេញថ្គាមទាល់ដែលពុកផុយមិនអាចប៉ះបាន
  • ធ្មេញថ្គាមទាល់ដែលបង្ករោគនៅចុងរឹសធ្មេញ
  • ធ្មេញថ្គាមទាល់ដែលធ្វើអោយថ្គាមធំទី២ពុក ឬបង្កជំងឺរលាកជាលិការជុំវិញធ្មេញដែលមានជំរៅលើសពី ៥ម.ម
  • ធ្មេញថ្គាមទាល់ដែលបង្កជាគីសធ្មេញ ឬដុំសាច់ផ្សេងៗ
  • មុនពេលពត់តម្រង់ធ្មេញ ឬវះកាត់កែរតម្រូវឆ្អឹងថ្គាម
  • ធ្មេញថ្គាមទាល់ដែលស្ថិតនៅតំបន់ឆ្អឹងបាក់បែក
  • ការវះកាត់ថ្គាមទាល់ចេញមុនពេលអ្នកជំងឺព្យាបាលសុខភាពមួយចំនួនដូចជាៈ
    • មុនពេលបាញ់កាំរស្មីដើម្បីព្យាបាលជំងឺមហារីកតំបន់ក និងក្បាល
    • មុនពេលវះកាត់ផ្លាស់ប្តូរសរីរាង្គ
    • មុនពេលព្យាបាលដោយថ្នាំគីមី
    • មុនពេលការព្យាបាលដោយថ្នាំ Biphosphonate

២) តើត្រូវធ្វើដូចម្តេចដើម្បីទទួលបានការវះកាត់ថ្គាមទាល់អោយមានសុវត្ថិភាព?

ត្រូវធ្វើការប្រឹក្សាជាមួយទន្តបណ្ឌិតដែលមានជំនាញច្បាស់ ព្រោះគ្រូពេទ្យធ្មេញអាចធ្វើរោគវិនិច្ឆ័យ និងការព្យាបាលទៅតាមស្ថានភាពអ្នកជំងឺដោយពឹងផ្អែកលើ

  • ការដឹងពីប្រវត្តិសុខភាពទូទៅរបស់អ្នកជំងឺ
  • ការពិនិត្យលើសុខភាពមាត់ធ្មេញទូទៅ
  • ការពិនិត្យក្រៅមាត់ លើផ្ទៃមុខ
  • ការពិនិត្យក្នុងមាត់
  • ការថតឆ្លុះជាមួយបច្ចេកវិទ្យាទំនើប ដូចជា Panoramic X-ray, CBCT ឬ CT Scan ជាដើម ក្នុងករណីស្មុគស្មាញ
  • បច្ចេកទេសក្នុងការវះកាត់ដ៏ត្រឹមត្រូវ និងឧបករណ៍មានអនាម័យ
  • ការប្រើប្រាស់ថ្នាំក្រោយការវះកាត់
  • ការគ្រប់គ្រងផលវិបាកផ្សេងៗ មុន កំឡុងពេល និងក្រោយការវះកាត់

៣) តើពេលណាគួរតែធ្វើការវះកាត់ថ្គាមទាល់?

ជាទូទៅ ប្រសិនបើទន្តបណ្ឌិតពិនិត្យឃើញថា ធ្មេញថ្គាមទាល់ត្រូវការវះកាត់យកចេញ ពេលវេលាដ៏សាកសមបំផុត គឺពេលអ្នកជំងឺនៅវ័យក្មេង ព្រោះថា

  • ងាយស្រួលយកចេញ ព្រោះមនុស្សចាស់មានកំហាប់ឆ្អឹងក្រាស់
  • ឆាប់ជាសះស្បើយ និងជួបនូវគុណវិបត្តិតិចតួច
  • ដើម្បីជៀសវាងផលវិបាកផ្សេងៗ បង្កឡើងដោយថ្គាមទាល់

៤) តើក្រោយការវះកាត់ថ្គាមទាល់ មានផលវិបាកអ្វីខ្លះ?

  • ការរលាកឆ្អឹង
  • ការហូរឈាម
  • ការបង្ករោគ
  • ភាពជាំលើសាច់ថ្ពាល់
  • ការស្ពឹកតំបន់វះកាត់ និងបបូរមាត់
  • ការបែកបាក់ឆ្អឹងថ្គាម

** បញ្ជាក់ៈ ផលវិបាកទាំងនេះ មានតិចតួចប៉ុណ្ណោះ ហើយយើងអាចជៀសវាង និងការពារបាន បើយើងធ្វើតាម បច្ចេកទេសត្រឹមត្រូវ។

៥) តើក្នុងករណីអ្នកជំងឺមានការភ័យខ្លាចខ្លាំង តើគួរធ្វើដូចម្តេច?

ជាមួយបច្ចេកទេសរីកចំរើន យើងអាចធ្វើការដាក់ថ្នាំសណ្តំ (អោយដឹងខ្លួន ឬមិនអោយដឹងខ្លួន) មុនពេលវះកាត់ ហើយអាចយកធ្មេញថ្គាមទាល់ចេញទាំងអស់ (៤ធ្មេញ) ក្នុងពេលតែមួយបាន ក្នុងពេលវះកាត់តែមួយលើក។

«សូមមេត្តាមកជួបក្រុមទន្តបណ្ឌិតជំនាញ នៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលបានប្រឹក្សា និងពិភាក្សាអំពីជម្រើសនៃការព្យាបាលស្របទៅតាមស្ថានភាពអ្នកជំងឺម្នាក់ៗ។»

ប្រភព៖ facebook page Hospital Calmette