គ្រប់ម្តាយទាំងអស់ តែងសង្ឃឹមថានឹងទទួលបានកូនមួយមានសុខភាពល្អក្រោយការសម្រាល។ ប៉ុន្តែការសម្រាលទារកតែងប្រឈមមុខនឹងបញ្ហាមួយចំនួន ដែលអាចប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព។ បញ្ហាមួយគួរឱ្យចាប់អារម្មណ៍គឺត្រង់ការឈ្លក់ទឹកភ្លោះមានលាមកព្រៃ ដែលបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ទារក។ ផលលំបាកនោះ គឺកើតចេញពីការឈ្លក់ ដែលធ្វើឱ្យទារកអាចលេបទឹកភ្លោះមានលាមកព្រៃអំឡុងពេលមុនសម្រាល អំឡុងពេលសម្រាល ឬអំឡុងពេលកំពុងសម្រាល។

១)អ្វីទៅជាការឈ្លក់ទឹកភ្លោះមានលាមកព្រៃ ហើយវាបង្កផលវិបាកអ្វីខ្លះ?

ជាការលេបទឹកភ្លោះមានលាមកព្រៃចូលក្នុងផ្លូវដង្ហើមរបស់ទារកមុនពេលសម្រាល អំឡុងពេលសម្រាល ឬអំឡុងពេលកំពុងសម្រាល ដែលអាចបង្កផលវិបាកឱ្យទារកស្ទះផ្លូវដង្ហើម រលាកផ្លូវដង្ហើម និងលំបាកដកដង្ហើម។

២)កត្តាអ្វីខ្លះដែលធ្វើឱ្យទឹកភ្លោះមានលាមកព្រៃ?

មូលហេតុដែលធ្វើឱ្យទឹកភ្លោះទៅជាលាមកព្រៃមាន៖
  • កង្វះអុកស៊ីសែនក្នុងឈាមទារក(ទារកខ្សោយ)
  • ការសម្រាលមានរយៈពេលយូរ
  • ទារកមានអាយុលើសខែ (លើសពី ៤១សប្តាហ៍)
  • ម្តាយមានជំងឺទឹកនោមផ្អែម ជំងឺលើសឈាម ជំងឺបេះដូង ជំងឺសរសៃឈាម វិបត្តិផ្លូវដង្ហើម និងមានទម្លាប់ជក់បារីច្រើន
  • វិបត្តិការលូតលាស់ក្នុងផ្ទៃម្តាយ។
៣)តើរោគសញ្ញាអ្វីខ្លះដែលបញ្ជាក់ថាទារកលេបទឹកភ្លោះមានលាមកព្រៃ?

  • ទឹកភ្លោះមានល្បាយលាមកព្រៃ ឬមានពណ៌បៃតង ឬទឹកភ្លោះមានពណ៌ខុសធម្មតា
  • ទារកកើតមកមានពណ៌សម្បុរស្វាយ
  • មានវិបត្តិផ្លូវដង្ហើមដូចជា ដកដង្ហើមញាប់ខុសធម្មតា លំបាកដកដង្ហើម ឬមិនដកដង្ហើម
  • ចង្វាក់បេះដូងរបស់ទារកដើរយឺតមុនពេលកើត
  • ពិន្ទុនាទីមាសទាប(ពិន្ទុអាប់ហ្គារ ជាពិន្ទុវាយតម្លៃទារកទើបកើត)
  • ទារកមានអាយុលើសខែ (លើសពី ៤១សប្តាហ៍)

៤)តើត្រូវព្យាបាលការឈ្លក់ទឹកភ្លោះមានលាមកព្រៃយ៉ាងដូចម្តេច?

ការព្យាបាលការឈ្លក់ទឹកភ្លោះមានលាមកព្រៃ មានច្រើនសណ្ឋានទៅតាមកម្រិតធ្ងន់ធ្ងរនៃការលេបទឹកភ្លោះមានលាមកព្រៃនោះ។ ជាទូទៅ គ្រូពេទ្យជំនាញធ្វើការព្យាបាលដោយដាក់ទារកឲ្យសម្រាកនៅផ្នែកសង្រ្គោះបន្ទាន់ដោយ៖

  • ផ្តល់អុកស៊ីសែន
  • ផ្តល់ថ្នាំផ្សះ ដើម្បីព្យាបាលការឆ្លងរោគ
  • ផ្តល់ Surfactant (ថ្នាំជំនួយសូត)
  • ផ្តល់ Nitric Oxide
  • ក្នុងករណីធ្ងន់ធ្ងរ ត្រូវប្រើម៉ាស៊ីនជំនួយផ្លូវដង្ហើមលើទារក។

«ក្រុមគ្រូពេទ្យជំនាញសង្គ្រោះទារក នៃមន្ទីរពេទ្យកាល់ម៉ែត ត្រៀមទទួលលោក លោកស្រីមាតា បិតា ដើម្បីផ្តល់ជូនពត៌មានលំអិតអំពីស្ថានភាពសុខភាពបុត្រធីតាលោកអ្នក។»

ប្រភព៖ facebook page Hospital Calmette