ហេតុអ្វីចាំបាច់ត្រូវបំបៅកូនដោយទឹកដោះម្តាយ?

ក) សារៈសំខាន់នៃការបំបៅទឹកដោះម្តាយ៖
  • ការបំបៅផ្ទាល់ដោយដោះម្តាយជួយបង្កើនភាពស្និទ្ធិស្នាល ដោយ មានការប៉ះផ្ទាល់ រវាងស្បែកកូន និងស្បែកម្តាយ ធ្វើអោយកូនមានភាព កក់ក្តៅ និងជួយពង្រឹងសុខភាពផ្លូវចិត្តរបស់ទារក និងម្តាយ។
  • ទឹកដោះម្តាយជាអាហារដែលស្រស់ និងថ្មីបំផុត ព្រមទាំងគ្មានមេរោគ (ចំពោះម្តាយសុខភាពល្អ) និងសមស្របបំផុតសម្រាប់ផ្គត់ផ្គង់ចិញ្ចឹមទារកទើបនឹងកើតរហូតដល់ អាយុ ៦ខែ។ 
    • ទឹកដោះដំបូងរបស់ម្តាយ សំបូរទៅដោយៈ
    • អង់ទីគ័រ (IgA) និងគ្រាប់ឈាមស រាប់លានសម្រាប់ការពារមេរោគ។
    • សារធាតុរ៉ែ និងវីតាមីនជួយទ្រទ្រង់សារពាង្គកាយរបស់កូន ជួយទប់ ស្កាត់ការបាត់បង់ជាតិទឹក និងការស្រកទម្ងន់របស់កូន។
    • ប្រូតេអ៊ីន និងខ្លាញ់ព្រមទាំងអូមេហ្គា៣ និងសារជាតិផ្សេង ទៀតជួយបង្កើនការលូតលាស់កុមារ មេតាបូលីស ថ្លើម ខួរក្បាល និងភ្នែក។
    • ជួយអោយកោសិកាឆាប់លូតលាស់ រីកធំធាត់ មានភាពស៊ាំ មាន ប្រព័ន្ធការពារប្រឆាំងមេរោគ (រលាកក្រពះ រាគរូស រលាកផ្លូវដង្ហើម និងរោគផ្សេងៗ)។
    • ជួយកាត់បន្ថយការចំណាយថវិកា និងការចំណាយពេលវេលា ចាប់ពីនាទីដំបូងនៃកំណើតកូន។ 

ខ) កត្តាមួយចំនួនដែលជួយជំរុញក្នុងការផលិតទឹកដោះ៖

តាមពិតធម្មជាតិមានការរៀបចំយ៉ាងត្រឹមត្រូវ តាំងពីការចាប់កំណើត ក្នុងផ្ទៃរហូតដល់គ្រប់ខែ និងគ្រប់គ្រាន់សម្រាប់ទារកទើបនឹងកើត។ ការដាក់អោយកូនបៅដោះដោយត្រឹមត្រូវ និងមានភាពញឹកញាប់ធ្វើ អោយខួរក្បាលម្តាយបញ្ជារអោយមានការបញ្ចេញអ័រម៉ូន Ocytocine និង Prolactine ដែលជាអ័រម៉ូនសម្រាប់អោយមានការបង្កើតទឹកដោះ និងបញ្ចេញទឹកដោះ ព្រមទាំងកាត់បន្ថយការធ្លាក់ឈាមក្រោយសម្រាល។

ម្តាយមួយចំនួនតែងបារម្មណ៍ខ្លាចមិនមានទឹកដោះគ្រប់គ្រាន់សម្រាប់ ចិញ្ចឹមកូន ដូចនេះដើម្បីបង្កើនការផលិតទឹកដោះ មានកត្តាមួយចំនួនដែល ជួយជំរុញក្នុងការផលិតទឹកដោះដោយ ៖
  • សំអាតដោះអោយបានស្អាត និងសម្រាកអោយបានគ្រប់គ្រាន់
  • ពិសារទឹកអោយបានគ្រប់គ្រាន់ រឺ យ៉ាងតិច ៣លីត្រក្នុង ១ថ្ងៃ
  • ពិសារអាហារអោយបានគ្រប់គ្រាន់ និងត្រឹមត្រូវ
  • ដាក់កូនអោយបៅដោះអោយបានទៀងទាត់
  • ម៉ាស្សាដោះរបស់អ្នក ដែលអាចឲ្យមានទឹកដោះ (ដោយមិនប្រើ ផលិតផល ឬប្រេង):
    • ដាក់ម្រាមដៃពីររបស់អ្នក ធ្វើចលនាជារង្វង់មូលលើផ្ទៃ ដោះទាំងមូល
    • អ្នកក៏អាចម៉ាស្សាដោយប្រើកណ្តាប់ដៃ បង្វិលកណ្តាប់ដៃពីផ្ទៃ ដោះទៅក្បាលដោះ

គ) របៀបរក្សាទឹកដោះទុកអោយកូនបៅ៖

  • លាងដៃអោយស្អាត មុននិងច្របាច់យកទឹកដោះ រឺកាន់ឧបករណ៍ ផ្ទុកទឹកដោះ
  • ផ្ទុកទឹកដោះក្នុងកំប៉ុង រឺថង់ដែលបិទជិតគ្មានមេរោគ និងមិនត្រូវដាក់ ក្រោមកំដៅថ្ងៃ
  • ដាក់ថ្ងៃខែ ដែលបានច្របាច់ទឹកដោះនៅលើឧបករណ៍ផ្ទុកទឹកដោះ

“សូមបំបៅដោះម្តាយដល់កូនលោកអ្នក ជាពិសេសទឹកដោះដំបូង ដើម្បីឲ្យពួកគេមានការលូតលាស់បានល្អ ទាំងរាងកាយ និងខួរក្បាល” អ្នកម្តាយគ្រប់រូបដែលបានសម្រាលនៅផ្នែកសម្ភពមន្ទីរពេទ្យកាល់ម៉ែត ត្រូវបានទទួលការណែនាំអំពីរបៀបបំបៅដោះកូន។

ប្រភព៖ facebook page Hospital Calmette