ការរលាកស្បែកគឺជាកាខូចខាតស្បែក និងជាលិកានៅពីខាងក្រោមស្បែកដោយមូលហេតុផ្សេងៗ ដូចជាដោយសារកំដៅ (thermique): ភ្លើង ទឹកក្តៅ ខ្លាញ់ក្តៅ ហ្គាសក្តៅឬឆេះស៊ាំង រលាកដោយឆក់ខ្សែភ្លើង អាស៊ីត កាំរស្មី ជាដើម។ល។
ក) កម្រិតនៃការរលាក
ប្រសិនបើការរលាកស្បែកចាប់ពី ២០%ឡើងទៅ (ដែលវាយតម្លៃដោយក្រុមគ្រូពេទ្យ) អាចបណ្តាលអោយមាន៖
- ការឈឺចាប់ រលាកក្រហម ហើម រលួយ។
- ក្តៅខ្លួន រឺត្រជាក់ខ្លួន បេះដួងដើរញាប់ ដង្ហើមញាប់ គ្រាប់ឈាមសឡើង។
- បេះដូងនិងសរសៃឈាម: វាបណ្តាលអោយសម្ពាធឈាមចុះ ឬ សុក។
- ផ្លូវដង្ហើម: វាបណ្តាលអោយរលាកផ្លូវដង្ហើម រលាកសួត រឺហើមសួតធ្ងន់ធ្ងរ។
- តម្រងនោម: វាបណ្តាលអោយខូចតំរងនោមដោយសារ៖
- បាត់បង់ជាតិទឹកនៅក្នុងខ្លួន
- ការខូចសាច់ដុំនៅពេលរលាកដោយការឆក់ខ្សែភ្លើង
- មេរោគនៅក្នុងឈាម
- តម្រងនោមពុលដោយសារថ្នាំផ្សះ
ខ) មូលហេតុនៃការរលាកស្បែក
- ការរលាកដោយកំដៅ (Brûlure thermique):
- ប៉ះផ្ទាល់ជាមួយ ភ្លើង ទឹកក្តៅ ប្រេងក្តៅ ភ្លើងធ្យូង ដុំដែកក្តៅ ។ល។
- ការឆាបសាំង អាល់កុល ហ្គាស
- ការឆក់ខ្សែភ្លើង (Brûlure électrique)
- អាស៊ីត: ភាពធ្ងន់ធ្ងរវាទាក់ទងទៅនឹងប្រភេទអាស៊ីត បរិមាណអាស៊ីត កំហាប់អាស៊ីត និងរយៈពេលនៃការប៉ះពាល់។
គ) កត្តាប្រឈមគ្រោះថ្នាក់ ដែលធ្វើឲ្យអ្នករងគ្រោះមានសភាពធ្ងន់ធ្ងរ
- អាយុៈ តិចជាង៥ឆ្នាំ រឺ ច្រើនជាង៦០ឆ្នាំ
- ភាគរយនៃការរលាក ចាប់ពី ៤០% ឡើងទៅ
- ការរលាកមានជម្រៅជ្រៅ
- ការរលាកដោយមានការបឺតចូលផ្លូវដង្ហើមនូវផ្សែងពុល
- មានការរលាកផ្លូវដង្ហើមរួមផ្សំ
- មានការប៉ះទង្គិចរួមផ្សំ
- ជនរងគ្រោះមានជំងឺរ៉ាំរ៉ៃប្រចាំកាយដូចជាៈ លើសឈាម ជម្ងឺទឹកនោមផ្អែម ជំងឺសួតរ៉ាំរ៉ៃ ។ល។
ឃ) វិធីជួយសង្គ្រោះ
ការជួយសង្គ្រោះបឋមគឺធ្វើឡើងដោយអ្នកឃើញហេតុការណ៍ផ្ទាល់ ឬអ្នកនៅជុំវិញជនរងគ្រោះទៅតាមប្រភេទ និងស្ថានការណ៍នីមួយៗ:
- អ្នកជួយសង្គ្រោះត្រូវមានសុវត្ថិភាពខ្លួនឯងជាចំបងសិន។ ឧទាហរណ៍: ជនរងគ្រោះរលាកដោយសារការឆក់ខ្សែភ្លើង គឺយើងត្រូវបិទភ្លើងសិន។ បើរលាក ដោយសារសារធាតុគីមីគឹយើងត្រូវពាក់ម៉ាស់និងស្រោមដៃ។
- បញ្ឈប់រាល់មូលហេតុដែលបណ្តាលអោយរលាកស្បែក។ យកជនរងគ្រោះចេញអោយឆ្ងាយពីប្រភពរលាក ដោះសំលៀកបំពាក់ចេញនិងលាងសំអាតកន្លែងដែលរលាក។
- ប្រើប្រាស់ទឹកស្អាត ឬទឹកម៉ាស៊ីនដើម្បីបន្ថយកំដៅ និងការឈឺចាប់។
- ពន្លត់ភ្លើងក្នុងករណីមានការឆាបឆេះទៅលើជនរងគ្រោះ ដោអោយជនរងគ្រោះដេកនៅលើដី រួចរមៀលឬយកអ្វីមួយមកគ្របឬយកទឹកមកបាចពន្លត់។
- ក្នុងករណីរលាកដោយសារសារធាតុគីមី ត្រូវលាងសំអាតនឹងទឹកអោយបានយូរ។
- ប្រសិនបើខ្ទាតចូលភ្នែក ក៍ត្រូវលាងសំអាតភ្នែកនិងទឹកអោយបានយូរដែរ។
- ត្រូវគ្របដណ្តប់អ្នកជំងឺរលាកភ្លើងដោយក្រណាត់ស្អាត រួចបញ្ជូនទៅមន្ទីរពេទ្យដែលនៅជិតជាបន្ទាន់។
- អ្វីដែលយើងមិនត្រូវធ្វើមាន:
- មិនត្រូវយក ម្សៅ ប្រេង ឬអ្វីផ្សេងៗ មកលាបលើមុខរបួសទេ
- មិនត្រូវប្រើប្រាស់ទឹកកកទេ
- មិនត្រូវលាងទឹកយូរពេក ដែលនាំអោយអ្នកជំងឺត្រជាក់ខ្លួនខ្លាំង ក៍ជាកត្តាគ្រោះថ្នាក់មួយដែរ។
ង) ការព្យាបាល
ប្រសិនបើកម្រិតនៃការរលាក ចំពោះក្មេងចាប់ពី ១០% ឡើងទៅ មនុស្សចាស់ចាប់ពី ២០% ឡើងទៅ សូមនាំអ្នកជំងឺមកមន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះ និងព្យាបាលឲ្យបានត្រឹមត្រូវ ជៀសវាងផលវិបាក និងជំងឺផ្សេងៗ ដែលកើតមានដោយសារការរលាក។
“ក្នុងករណីសង្ស័យមានស្ថានការណ៏រលាក ដូចបានជម្រាបជូនខាងលើ សូមលោក-លោកស្រីប្រញាប់ទំនាក់ទំនងក្រុមគ្រូពេទ្យចាត់ចែងអោយមានការសង្គ្រោះភ្លាមៗ និងបញ្ជូនមកកាន់មន្ទីរពេទ្យដែលនៅជិតបំផុតដែលក្រុមការងារវេជ្ជបណ្ឌិត-គិលានុបដ្ឋាកជំនាញនៃស្ថានការណ៏រលាក អាចជួយសង្គ្រោះអាយុជីវិតអ្នកជំងឺបានទាន់ពេលវេលា។ “
ប្រភព៖ facebook page Hospital Calmette

