ហើមជើងអំឡុងពេលមានផ្ទៃពោះ ជាសញ្ញាអាសន្នរឺទេ?

១) មូលហេតុដែលបណ្តាលអោយហើមអំឡុងពេលមានផ្ទៃពោះរួមមាន:


  • លើសជាតិទឹកបណ្តាលមកពីបម្រែបម្រួលអរម៉ូនអំឡុងពេលមានផ្ទៃពោះ (ជាបាតុភូតធម្មតាដែលកើតមានអំឡុងមានផ្ទៃពោះ)។
  • ការសង្កត់ទៅលើសរសៃឈាមធំៗរបស់អាងត្រគៀក (pelvic veins) ដោយទម្ងន់កាន់តែធ្ងន់របស់ស្បូន ដែលធ្វើអោយលំហូរឈាមពីចុងជើងត្រលប់មកបេះដូង យឺតជាងធម្មតានិងចាល់ឈាមបង្កជាការហើមជើង។ ដោយហេតុផលនេះ ការហើមភាគច្រើនកើតមាននៅអំឡុងពេលត្រីមាសទី៣នៃផ្ទៃពោះ ចំពោះស្ត្រីដែលមានទឹកភ្លោះច្រើន ឬពរពោះកូនភ្លោះ (ជាបាតុភូតធម្មតាដែលកើតមានអំឡុងមានផ្ទៃពោះ)។
  • កង្វះជាតិអាល់ប៊ុយមីន (Albumin) ដែលអាចបណ្តាលមកពីបាត់ជាតិសាច់តាមទឹកនោម (ជំងឺទឹកនោមប្រៃ)។
  • ជំងឺខ្សោយតម្រងនោម ឬ ខ្សោយបេះដូង ។ល។

២) សញ្ញាអាសន្ននៃការហើមជើងអំឡុងមានផ្ទៃពោះដែលត្រូវយកចិត្តទុកដាក់រួមមាន៖

នៅពេលដែលស្ត្រីមានផ្ទៃពោះមានហើមជើងបូករួមនឹងសញ្ញាមួយចំនួនដូចជា:
  • លើសសម្ពាធឈាម
  • ហត់ដង្ហក់
  • ទឹកនោមតិច
  • ជើងឡើងក្រហមហើយឈឺ ។ល។

៣) វិធីព្យាបាល៖

ក. បើជាការហើមមានសញ្ញាអាសន្ន គួរប្រញាប់រួសរាន់មកជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីវិភាគរកមូលហេតុអោយបានគ្រប់ជ្រុងជ្រោយ និងដើម្បីទទួលដំបូន្មាន ឬការព្យាបាលដ៏ត្រឹមត្រូវ។

ខ. បើគ្រូពេទ្យរកឃើញថាជាការហើមដោយមូលហេតុធម្មតានៃការមានគភ៌ នោះស្ត្រីយើងគួរអនុវត្តទំលាប់មួយចំនួនដូចខាងក្រោម:

  • គេងផ្អៀងមកខាងឆ្វេងដៃ ដើម្បីកាត់បន្ថយការសង្កត់របស់ស្បូនទៅលើសរសៃឈាមធំៗ។
  • ដាក់ជើងរបស់អ្នកឲ្យបានខ្ពស់ គ្រប់ពេលដែលអាចធ្វើបានដូចជា នៅពេលធ្វើការ រឺពេលគេង រឺតម្រង់ជើងឲ្យបានញឹកញាប់ពេលអង្គុយលេង។
  • ជៀសវាងការអង្គុយគងអន្ទាក់ខ្លាយូរ។
  • ឧស្សាហ៍ផ្លាស់ប្តូរឥរិយាបទ រឺដើរហាត់ប្រាណដើម្បីជួយចលនាឈាមហូរបានល្អ។
  • ចូរកុំបាក់ទឹកចិត្ត ព្រោះវាអាចបាត់ទៅវិញក្រោយពេលសម្រាលបុត្ររួច។

“ស្ត្រីមានផ្ទៃពោះគួរតែមកតាមដាន និងពិនិត្យសុខភាពអោយបានទៀងទាត់ជាប្រចាំ។ ក្នុងករណីមានការហើម និងក្តីបារម្មណ៍ណាមួយ គួរមកជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញផ្នែកសម្ភព នៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលបាននូវការប្រឹក្សា និងព្យាបាលបានត្រឹមត្រូវទាន់ពេលវេលា ប្រកបដោយសុវត្ថិភាព។”

ប្រភព៖ facebook page Hospital Calmette