វីតាមីន ដេ (Vitamin D) រមែងត្រូវបានហៅថា វីតាមីនព្រះអាទិត្យ ដោយសារវាមិនដូចជីវជាតិដទៃ វីតាមីន ដេ មិនត្រូវបានផ្ដល់ឲ្យដោយអាហារទេ តែជាការទទួលពីពន្លឺព្រះអាទិត្យ។
អ្នកឯកទេសអាហារូបត្ថម្ភអ្នកស្រី គីម ភៀរសុន បានថ្លែងថា៖ «កុមារលែងលេងខាងក្រៅផ្ទះដែលពួកគេធ្លាប់ធ្វើ ដោយជក់គ្រឿងអេឡិចត្រូនិក iPad និងហ្គេមនៅក្នុងបន្ទប់ ហើយមនុស្សភាគច្រើនធ្វើការងារតែនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់។ ដូច្នេះ យើងប្រាកដជាជួបបញ្ហាខ្វះវីតាមីន ដេ»។
នេះគឺជាបញ្ហាសុខភាពសាធារណៈយ៉ាងធ្ងន់ធ្ងរ ដោយសារការខ្វះវីតាមីន ដេ យូរពេកអាចបង្កើនឱកាសជំងឺបេះដូង និងមហារីកថែមទៀត។
ខាងក្រោមនេះគឺជាសញ្ញាគន្លឹះនៃការខ្វះវីតាមីន ដេ៖
- អ្នកអាចរងគ្រោះពីជំងឺឆ្លងផ្សេងៗញឹកញាប់ដោយសារវីតាមីន ដេ សំខាន់ក្នុងការបំពេញមុខងារ ២ ផ្នែកនៃប្រព័ន្ធស៊ាំជំងឺ គឺការស៊ាំទៅតាមស្ថានភាពជំងឺ និងសមត្ថភាពស៊ាំជំងឺពីធម្មជាតិ។
- អ្នកអាចធ្លាក់ទឹកចិត្ដពីព្រោះវីតាមីន ដេ ត្រូវបានជឿថា មានតួនាទីសំខាន់ក្នុងការរក្សាកម្រិតសេរ៉ូតូនីនក្នុងខួរក្បាលដែលមានឥទ្ធិពលគ្រប់គ្រងផ្លូវចិត្ដ។
- អ្នកតែងតែជួបបញ្ហានឿយហត់ពីព្រោះវីតាមីន ដេ មានភារកិច្ចសំខាន់ក្នុងការបំប្លែងជីវជាតិអាហារទៅជាថាមពលក្នុងសរីរាង្គ។
- អ្នកនឹងឈឺសន្លាក់ ឬខ្សោយឆ្អឹង ពីព្រោះវីតាមីន ដេ មានមុខងារសំខាន់ក្នុងការស្រូបយកសារធាតុកាល់ស្យូម។
- អ្នកនឹងឈឺសាច់ដុំ។ វីតាមីន ដេ ជ្រាបចូលតាមសាច់ដុំ ពេលវាត្រូវបានរំលាយ ដោយចូលទៅពង្រឹងសរសៃពួរសាច់ដុំ ដែលមានភារកិច្ចទប់ទល់នឹងការដួលរលំ ព្រមទាំងពង្រឹងសាច់ដុំ និងឆ្អឹងតាមរយៈលំហាត់ប្រាណ។
បុគ្គលប្រឈមហានិភ័យនៃកង្វះវីតាមីនព្រះអាទិត្យ៖
- មនុស្សវ័យចំណាស់ដែលមិនមានឱកាសដើរចេញក្រៅ និងស្ថិតក្នុងមជ្ឈមណ្ឌលមនុស្សចាស់ជរា។
- បុគ្គលិកការិយាល័យដែលធ្វើការងារច្រើនតែនៅក្នុងបន្ទប់។
- អ្នកដែលទទូលពីក្បាលដល់ចុងជើងតាមជំនឿសាសនា។
- អ្នកដែលធ្វើការវេនយប់ និងដេកពេលថ្ងៃ។
- អ្នកដែលមានរបៀបរបបរស់នៅមិនសូវចេញក្រៅផ្ទះ។
វិធីសាស្ដ្រស្រូបទាញយក វីតាមីន ដេ តាមរយៈអាហារ និងពន្លឺថ្ងៃ
មនុស្សភាគច្រើនអាចស្រូបយកវីតាមីន ដេ គ្រប់គ្រាន់ពីការចេញដើរក្រៅផ្ទះរៀងរាល់ថ្ងៃត្រឹមរយៈពេលខ្លីតែប្រមាណ ២០ នាទីដោយពាក់អាវត្រឹមកំភួនដៃ ខោជើងខ្លី ដែលមិនសូវបិទបាំងកាយច្រើន។
អ្នកសម្បុរស្រអាប់ ដូចជា ជនជាតិអាហ្រ្វិក អាហ្រ្វិកការីបៀន ឬអ្នកមានដើមកំណើតអាស៊ីខាងត្បូង នឹងត្រូវចំណាយពេលច្រើននៅក្រោមកម្ដៅថ្ងៃ ដើម្បីផលិតវីតាមីន ដេ គ្រប់គ្រាន់ស្មើអ្នកមានស្បែកថ្លា។
អាហារមួយចំនួនសម្បូរវីតាមីន ដេ ទោះវាមិនស្មើនឹងកម្ដៅថ្ងៃ ដូចជា ខ្លាញ់ត្រី ប្រភេទសាល់ម៉ុង ស្បែកត្រី និងធូណា ព្រមទាំង ស៊ុតក្រហម ឈីស ថ្លើម និងអាហារផ្សេងៗ រួមមាន ប្រភេទធញ្ញជាតិ ទឹកដោះគោស្រស់ និងទឹកសណ្ដែក៕HR
ប្រភព៖ គេហទំព័ររបស់ភ្នំពេញប៉ុស្តិ៍ នាទីសុខភាពនិងសម្ផស្ស

