វិបត្តិរំលាយអាហារ (functional dyspepsia) គឺ ជាជំងឺមួយដែល ជួបប្រទះ ញឹកញាប់ចំពោះ ប្រជាជនកម្ពុជានាពេលបច្ចុប្បន្ន។ វាជាជំងឺមួយដែលមានលក្ខណៈរ៉ាំរ៉ៃ ដែលអាចប៉ះពាល់ ដល់ការងារ និងជីវភាពប្រចាំថ្ងៃ របស់អ្នកជំងឺ និងគ្រូសារ។

ក)មូលហេតុអាចបណ្តាលមកពី កត្តាមួយចំនួនដូចជា

  • ការប្រព្រឹត្តទៅមិនប្រក្រតីនៃ ចលនាការរំលាយអាហាររបស់ ក្រពះ
  • ការទទួលរំញោចលើសលប់ របស់ក្រពះ
  • មេរោគក្រពះ (Helicobacter Pylori)
  • កត្តាផ្លូវចិត្ត

ខ) រោគសញ្ញា

  • ជំងឺនេះស្តែងចេញជារោគសញ្ញា ៤ធំៗគឺ៖
    • បរិភោគអាហារឆាប់ឆ្អែត
    • តឹងណែនពោះក្រោយបរិភោគ
    • ឈឺចុងដង្ហើម
    • ក្រហាយចុងដង្ហើម
  • រោគសញ្ញាគ្រោះថ្នាក់រួមមាន
    • ការលេចឡើងថ្មីៗនូវរោគ សញ្ញា លើអ្នកដែលមានអាយុលើស ពី ៤៥ឆ្នាំ
    • ការស្រកទំងន់ដោយគ្មាន មូលហេតុ
    • ពិបាកលេប រឺលេបឈឺ
    • ក្អួតមិនបាត់
    • ស្លេកស្លាំង
    • ស្ទាបប៉ះដុំនៅចុងដង្ហើម
    • ប្រវត្តិគ្រួសារមានជំងឺមហារីក ក្រពះពោះវៀនផ្នែកខាងលើ
    • បន្ទោបង់មានឈាម
    • កើតលឿង
  • ព្រមទាំងមានរោគសញ្ញា បន្ទាប់បន្សំដូចជា ក្អួតចង្អោរ ហើមពោះ ភើជាដើមល។

គ) ការធ្វើរោគវិនិច្ឆ័យ

ការធ្វើរោគវិនិច្ឆ័យពឹងផ្អែកទាំងស្រុងតាមរយៈការសាកសួរ ពីរោគសញ្ញានៃជំងឺផ្ទាល់ ហើយក៏អាចឈានទៅដល់ការមើលឈាមមួយចំនួន អេកូរពោះ និង ព្រមទាំងឈានទៅដល់ការឆ្លុះក្រពះ ក្នុងករណីជំងឺរ៉ាំរ៉ៃធ្ងន់ធ្ងរ រឺមានរោគសញ្ញាគ្រោះថ្នាក់ដែល សង្ស័យថាមានជំងឺផ្សេងៗដូចជា ជំងឺដំបៅក្រពះ មហារីកក្នុង បំពង់អាហារផ្នែកខាងក្រោម និងក្រពះ។

ឃ) ទាក់ទងទៅនឹងការព្យាបាល ជារួម មាន

  • ក្នុងករណីមានមេរោគក្រពះ ត្រូវព្យាបាលបំបាត់មេរោគក្រពះជា មុនសិន
  • ប្រើថ្នាំបន្សាបជាតិអាស៊ីត រយៈពេលណាមួយជាក់ច្បាស់ អាស្រ័យទៅតាមស្ថានភាពរបស់អ្នកជំងឺ
  • ផ្តល់ប្រឹក្សានិងទំនុកចិត្តដល់ អ្នកជំងឺ។

“ជំងឺវិបត្តិរំលាយអាហារគឺជាជំងឺរ៉ាំរ៉ៃ ប្រសិនបើអ្នកជំងឺមិនទទួលបានការព្យាបាលអោយបានត្រឹមត្រូវ និងទាន់ពេលវេលាទេនោះ វាអាចប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃព្រមទាំងមានការចំនាយច្រើន។ ដូច្នេះបើលោកអ្នកកើតមាននូវរាល់រោគសញ្ញាដែលបានរៀបរាប់ខាងលើនេះ សូមមេត្តាអញ្ជើញមក ពិគ្រោះ ជាមួយវេជ្ជបណ្ឌិតជំនាញ និងឯកទេសនៅ មន្ទីរពេទ្យកាល់ម៉ែត ដើម្បី ទទួលការព្យាបាលអោយបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាពខ្ពស់។"

ប្រភព៖ facebook page Hospital Calmette