ស្រីៗមើលឧស្សាហ៍ស្ទាបពិនិត្យមើលខ្លួនឯងផង​​ មហារីក​សុដន់ ដំណាក់​កាល​ទី៤​ ​ជា​ដំណាក់​កាល​ចុងក្រោយ​​ និង​​ធ្ងន់​ធ្ងរ​​បំផុត។ ខាង​ក្រោម​នេះជា​រោគ​សញ្ញា​ខ្លះៗ​ដែល​អ្នក​ជំងឺ​អាច​មាន៖

១- សុដន់មានដុំ​

​ដំណាក់​កាល​ដំបូង​ ដុំមហារីក​មាន​ទំហំ​តូច​ណាស់ រហូតដល់​យើងមិនអាច​កត់សម្គាល់ ឬដឹងអ្វីទាំងអស់​ លុះត្រា​តែ​​ថត ​(ស្កេន) ឬ​ប្រើ​​តិច​និក​រក​មើល​​កោសិកា​មហារីក​ ទើប​​​​ដឹង​។

និយាយអ៊ីចឹង មិនមែន​ទាល់​តែ​ដល់​ដំណាក់​កាល​ទី៤​ ទើប​សាមីខ្លួន​អាច​ស្ទាប​ដឹង​នោះ​ទេ។​ ស្រ្តី​មួយ​ចំនួន​ចាប់ផ្តើម​មាន​អារម្មណ៍​ថា​មាន​ដុំ ​នៅ​នឹង​ទ្រូង។ ​តែ​ជួន​កាល​​ អាច​មាន​​​ក្លៀក​ ឯ​​​អ្នក​ខ្លះ​​មានអារម្មណ៍​ថា​ហើម​ទាំង​នៅ​ជុំវិញ​សុដន់​ ​និង​ក្លៀក។​

២- ស្បែកចាប់ផ្ដើមប្រែ

មហារីក​សុដន់​ខ្លះ អាច​ធ្វើឲ្យ​ស្បែក​អ្នក​ជំងឺ​ខុស​ធម្មតា​ ដូចជា​ ជំងឺ​ Paget’s disease​ ជាជំងឺ​មហារីក​មួយ​ប្រភេទ​ដែល​មាន​ដុះដុំ​សាច់​នៅ​ក្បាល​សុដន។​ ​​អារម្មណ៍​ថារមាស់​ ឬ​ចាក់ៗ​ស្បែក​ ស្បែក​ឡើង​ក្រាស់​ ឬ​ក្រហម​ ហើយ​ពេលខ្លះ​ទៀត​ ស្បែក​អាចប្រះ​ និង​ស្ងួត ជា​អាការៈ​ដែល​អាច​កើត​មាន​ឡើង។​ ស្បែក​ប្រែប្រួល អាចមក​ពី​មហារីក​សុដន់ កើត​ឡើង​ដោយសារ​ការ​រលាក ឬដោយសារ​សរសៃ​ទឹករងៃ​ស្ទះ​កោសិកា​មហារីក​ ដែល​នាំ​ឲ្យ​មាន​ការ​ឡើង​ក្រហម​ ហើម​ និង​ខូង​ស្បែក​ ដែលជា​រោគសញ្ញា​​មហារីក​សុដន់ ​ដំណាក់កាល​ទី៤​ ក្នុង​ករណីអ្នកជំងឺ​មាន​ដុំមហារីក​ធំ​។​

៣- មានទឹកហូរពីសុដន់

នេះជា​រោគ​សញ្ញា​មួយ​ដែល​អ្នកមហារីក​សុដន់​គ្រប់​ដំណាក់កាល​ទាំងអស់​ តែង​ជួប​ប្រទះ។​ ទឹក​ដែល​ហូរចេញ​ អាច​មាន​ពណ៌ថ្លា​ ពណ៌លឿង​ដូចខ្ទុះ​ ឬ​ពណ៌ក្រហម​ដូច​ឈាម។​

៤- សុដន់ហើម

ក្នុង​ដំណាក់​កាល​ដំបូង​នៃមហារីក​ សុដន់​​មើល​ទៅ​ធម្មតា​ ប៉ុន្តែ​នៅ​​ដំណាក់កាល​បន្ទាប់​ៗ អាច​ចាប់ផ្តើម​ហើមនៅម្ដុំសុដន់ ឬអាច​រាលដល់​ក្លៀក​ ដោយសារមាន​ដុំមហារីក​ធំ​ និងក្រពេញទឹករងៃហើមធំនៅក្រោមក្លៀក។ ​​ទឹក​រងៃ កកស្ទះ បង្កើតជាការហើម។​

រោគ​សញ្ញា​ផ្សេងៗ​ទៀត​មាន​ដូចជា៖​

  • ឈឺ​សុដន់​
  • អស់កម្លាំង
  • គេងអត់​លក់​
  • ឈឺ​ក្រពះ​
  • អត់ឃ្លាន
  • ស្រក​គីឡូ
  • ពិបាក​ដក​ដង្ហើម​។

ក្នុង​ដំណាក់​កាល​ទី៤​នេះ​ មហារីក​អាច​រាលដាល​ដល់​សរីរាង្គ​ផ្សេងៗ​ដូចជា​ សួត​ ថ្លើម​ និង​ឆ្អឹង​ ដែល​ជាកន្លែង​ពេញ​និយម​ជាង​គេ។​

ដោយ៖ ឌុក បញ្ញារ័ត្ន 
ណែនាំដោយ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​មិន​ព្យាបាល​ជូន​ឡើយ៕

ប្រភព៖ facebook page Hello គ្រូពេទ្យ