និយាយ​ដល់​រឿង​ទឹកដោះ ស្រីៗ​​មួយចំនួន​ច្បាស់​ជាបារម្ភ ព្រោះអត់មានទឹកដោះគ្រប់គ្រាន់ឲ្យកូនបៅ ខ្លះ​រក​ទឹក​ដោះ​ឲ្យ​កូនបៅ​ ខណៈ​ខ្លះទៀត ​សម្បូរ​នោះសម្បូរ អូនៗ​បៅ​យ៉ាង​ណា​ក៏​បៅ​មិន​អស់​ដែរ។ “Hello គ្រូពេទ្យ” នឹង​បក​ស្រាយ​ប្រាប់​ម៉េច​បាន​ស្រីៗ​សម្បូរ​ទឹកដោះ​លើស​តម្រូវ​ការ។

១- ហេតុផលធ្វើឲ្យផលិតទឹកដោះច្រើនលើសតម្រូវការ

មាន​ហេតុ​ផល​ច្រើន​ដែល​ធ្វើ​ឲ្យ​ម្ដាយ​សម្បូរ​ទឹកដោះ​ហួសហេតុ។ អាច​​មក​ពី៖

  • ធម្មជាតិ​ស្រាប់​ដែល​អំណោយ​ផល
  • អតុល្យភាពអ័រម៉ូន
  • ករណីម៉ាក់ៗបូម​ទឹកដោះ​ទុក​ក្នុង​បរិមាណ​ច្រើន​ពេក ដូច្នេះបរិមាណទឹកដោះនឹងផលិតវិញលឿន
  • ម៉ាក់ៗខ្លះ​ទម្លាប់ប្ដូរ​ដោះ​ទាំងពីរ​ឲ្យ​អូនៗ​បៅ​ស្មើគ្នា ពេល​បំបៅ​ម្តងៗ។ ការ​ផ្លាស់​ប្ដូរ​ដោះ​បែប​នេះ អាច​បង្កើត​រំញោច​នាំ​ឲ្យ​មាន​ការ​ផលិត​ទឹកដោះ​កាន់​តែ​ច្រើន។

២- វិធីសាស្ត្រងាយៗបន្ថយការផលិតទឹកដោះ

ពេលបំបៅ បំបៅតែដោះម្ខាងណាគឺ​ម្ខាងហ្នឹង៖​ បើកូន​ត្រូវ​បៅម្ដងទៀត​ក្នុង​រយៈពេល ២ ម៉ោង ព្យាយាម​ឲ្យ​កូន​បៅ​នៅ​ដោះ​ដដែល ហើយ​រង់ចាំ​មើល​ប្រតិកម្ម​កូន។ ដោះ នឹង​ពន្យឺត​ល្បឿន​ផលិត​ទឹកដោះ ដោយសារ​តម្រូវ​ការ​ទឹកដោះ​របស់​កូនថម​ថយ។ ប៉ុន្តែ ត្រូវ​ប្រាកដ​ថា កូន​បៅ​ឆ្អែត​គ្រប់គ្រាន់។

ឯដោះ​ម្ខាងទៀត ​គួរច្របាច់ បូម​ទឹកដោះ​ចេញរយៈពេល​ប្រហែល ២០-៣០ វិនាទី ដើម្បីកុំ​ឲ្យ​មាន​បញ្ហា​រំខានឈឺ។ តែ​កុំ​ច្របាច់ ឬបូមទឹកដោះ​ចេញ​ច្រើន​ពេក ព្រោះ​វា​នឹង​រំញោច ហើយ​ធ្វើ​ឲ្យ​យើង​ផលិត​ទឹកដោះ​កាន់​តែ​ច្រើន។

ចាំ​ថា​ការ​ផលិត​ទឹកដោះ​ហួស​កម្រិត មិនមែន​ជា​បញ្ហា​ធំដុំ​នោះ​ទេ​ អាច​នឹង​បាត់​ទៅវិញ ពេល​ដែល​អូនៗ​កាន់​តែ​ធំ។ ហេតុនេះ គ្នា​យើង​ទាំង​អស់ កំពុង​ជួប​បញ្ហា​នេះ ត្រូវ​អត់ធ្មត់​បន្តិច​៕

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Groupមិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ឡើយ៕

ប្រភព៖ គេហទំព័ររបស់ hellokrupet.com