អ្នកជំងឺដែលមានរោគសញ្ញានៃការហើមសួតស្រួចស្រាវ តែងចូលមកផ្នែកសង្គ្រោះបន្ទាន់ជាញឹកញាប់ ដែលជាប្រភេទរោគសញ្ញាមួយធ្ងន់ធ្ងរអាចបណ្តាលអោយអ្នកជំងឺស្លាប់បាន។ ដូច្នេះការធ្វើរោគវិនិច្ឆ័យត្រូវធ្វើឲ្យបានឆាប់រហ័ស និងការព្យាបាលអោយមានប្រសិទ្ធិភាពខ្ពស់។

ការហើមសួតស្រួចស្រាវ (ភាសាខ្មែរយើងជាទូទៅនិយាយថា ទឹកចូលសួត) គឺការមានដក់ទឹកនៅក្នុងសាច់សួតយើងដែលអាចកើតឡើងសន្សឹមៗ ឬកើតឡើងយ៉ាងគំហុកតែម្តង។

១) មូលហេតុ៖

ក. ហើមសួតស្រួចស្រាវបណ្តាលមកពីបេះដូង (Œdème pulmonaire cardiogénique ou hémodynamique) ដែលបណ្តាលអោយសម្ពាធឈាមក្នុងអាក់ទែពុលម៉ូណែឡើងខ្ពស់ ហើយអោយទឹកប្លាស្មាចេញពីសរសៃឈាមចូលក្នុងសាច់សួត។ ដែលមានមូលហេតុដូចជាៈ
  • បេះដូងយើងកង្វះសមត្ថភាពរុញច្រានឈាមចេញពីបេះដូង (បេះដូងខាងឆ្វេង)
  • បេះដូងយើងមានវិបត្តិចង្វាក់បេះដូង
  • បេះដូងយើងមានជំងឺប្រឺសបេះដូង
  • សម្ពាធឈាមឡើងខ្ពស់ភ្លាមៗ

ខ. ហើមសួតស្រួចស្រាវបណ្តាលមកពីដាច់ស្រទាប់ដែលខ័ណ្ឌសរសៃឈាម និងសាច់សួត (Œdème pulmonaire lésionnel) ហើយបណ្តាលអោយទឹកប្លាស្មាចេញពីសរសៃឈាមចូលទៅក្នុងសាច់សួត។ ដែលមូលហេតុបណ្តាលមកពីៈ
  • ជំងឺសួតដែលបណ្តាលមកពីពពួកបាក់តេរី ឬវីរុស
  • ការបង្ករោគដោយជំងឺផ្សេងៗ ហើយបណ្តាលអោយសុក (Choc septique)
  • ការហឺតចូលសួតនូវឧស្ម័នដែលមានជាតិពុល (Inhalation de gaz toxique)
  • ការហៀរទឹកក្រពះចូលសួត (inhalation du liquide gastrique)
  • ការប៉ះទង្គិចទៅលើសួតដោយមូលហេតុផ្សេងៗ

២) រោគសញ្ញា៖
  • ហត់ដង្ហក់ចាប់ផ្តើមឡើងភ្លាមៗជាពិសេសនៅពេលយប់
  • មុនការហត់ដង្ហក់ ចាប់ផ្តើមឡើងដោយរមាស់ក ក្អកខ្លាំងជាប់គ្នាអត់មានស្លេស ហើយប្រហែល ២ ឬ ៣នាទី ក្រោយមកមានស្លេស មានពពុះសៗ ជួនកាលមានលាយឈាមប្រាៗទៀតផង
  • មានលឺសំឡេងខ្សាវៗនៅក្នុងករបស់អ្នកជំងឺ (grésillement laryngé)
  • អ្នកជំងឺឡេះឡាស់ខ្លាំង បែកញើសត្រជាក់ ស្វាយបបូរមាត់ និងចុងដៃចុងជើង
  • រោគសញ្ញាធ្ងន់ធ្ងរ៖
    • ចង្វាក់ដង្ហើមខ្សោយហើយយឺត
    • ឡើងស្វាយ ឬ ឡើងខ្ជឹងពេញខ្លួន
    • អ្នកជំងឺមិនអាចនិយាយបាន ស្មារតីថយចុះ ឡេះឡាស់
    • សម្ពាធឈាមស៊ីស្តូលិចតិចជាង ១១០មីលីម៉ែត្របារ៉តរហូតដល់សុក
    • ការប្រែប្រួលរោគសញ្ញាគ្លីនិកលឿន

៣) មធ្យោបាយការពារ៖
  • ចំពោះអ្នកដែលមានជំងឺបេះដូង ដើម្បីបន្ថយហានិភ័យនៃការហើមសួត ត្រូវតមប្រៃ រក្សាលំនឹងសម្ពាធឈាម ព្យាបាលអោយបានឆាប់រហ័សរាល់មូលហេតុ ដែលធ្វើអោយជំងឺបេះដូងវិវត្តទៅជាធ្ងន់ធ្ងរ
  • ត្រូវមានអនាម័យល្អក្នុងការរស់នៅ៖
    • មិនពិសារបារី មិនពិសារគ្រឿងស្រវឹង ឬពិសារតិចតួច តាមដានទម្ងន់ខ្លួនឯង កម្រិតបរិមាណស្ករ និងខ្លាញ់ដែលបរិភោគប្រចាំថ្ងៃ
    • ហាត់កីឡា ឬហាត់ប្រាណយ៉ាងតិចអោយបានម្តងក្នុងមួយសប្តាហ៍

«ប្រសិនបើមានរោគសញ្ញាដូចបានជម្រាបជូនខាងលើ និងដើម្បីបន្ថយហានិភ័យអាយុជីវិតនៃការហើមសួតស្រួចស្រាវ សូមអស់លោកអ្នកមកជួបពិគ្រោះ និងធ្វើរោគវិនិច្ឆ័យជាមួយគ្រូពេទ្យជំនាញឯកទេសនៅមន្ទីរពេទ្យកាល់ម៉ែត អោយបានទាន់ពេលវេលា ដើម្បីទទួលបានការព្យាបាល ប្រកបដោយប្រសិទ្ធភាពខ្ពស់។»

ប្រភព៖ facebook page Hospital Calmette