ផលវិបាកនៃការថយចុះជាតិកាល់ស្យូម (Ca+) នៅលើទារកអាយុតិចជាង២៨ថ្ងៃ

ក) អ្វីទៅជាការថយចុះជាតិកាល់ស្យូម?

គឺជាចំនួនកាល់ស្យូមនៅក្នុងឈាមតិចជាង ២mmol/L ចំពោះទារកកើតគ្រប់ខែ និងតិចជាង ១,៧៥mmol/L ចំពោះទារកកើតមិនគ្រប់ខែ ឬក៏ទារកដែលមានទម្ងន់តិចជាង ១៥០០g។

ខ) តើទារកត្រូវបានទទួលកាល់ស្យូមពីប្រភពណា?

  • នៅក្នុងផ្ទៃម្តាយកំឡុងពេលពពោះ អ្នកម្តាយត្រូវបានបង្កើតកាល់ស្យូម ២ ទៅ ៣ដងនៃចំនួនធម្មតា ដែលទារកត្រូវការ ៣០gm នៃកាល់ស្យូម។
  • ពេលទារកចាប់កំណើតរហូតដល់អាយុ ៣ខែដំបូង ទារកត្រូវការកាល់ស្យូមច្រើនជាង ៣០gm ដែលបានទទួលពីអ្នកម្តាយផ្ទាល់ និងពីការបំបៅដោះ។

គ) តើទារកមានផលវិបាក ឬរោគសញ្ញាអ្វីខ្លះ ពេលដែលជាតិកាល់ស្យូមចុះទាបជាងកម្រិតធម្មតា?

ពេលដែលទារកមានជាតិកាល់ស្យូមចុះទាបជាងកម្រិតធម្មតា ទារកមានរោគសញ្ញាឱ្យឃើញដូចជា ការប្រកាច់ ជារំញ័រនៅផ្នែកខាងចុងអវយវៈ ថយចុះការបៅ និងអស់កំលាំងជាដើម។

តើមានមូលហេតុអ្វីខ្លះនាំឱ្យមានការថយចុះជាតិកាល់ស្យូមកើតលើទារក?

ការថយចុះជាតិកាល់ស្យូម ច្រើនប្រទះឃើញលើទារកមានអាយុចាប់ពី ២ ទៅ ៣ថ្ងៃដំបូងនៃជីវិត ជាពិសេសកើតមានលើប្រភេទទារកដូចខាងក្រោម៖

  • ទារកកើតមិនគ្រប់ខែ
  • ទារកដែលមានទម្ងន់តិចជាង ១៥០០g
  • ទារកកើតមកខ្សោយ (វាយតម្លៃតាមនាទីមាស)
  • ទារកដែលមានម្តាយមានជំងឺទឹកនោមផ្អែម។

ការថយចុះជាតិកាល់ស្យូមចំពោះទារក ដែលមានអាយុពី ៣ ទៅ ៧ថ្ងៃ ឬរហូតដល់ ៦ខែ ច្រើនមកពីមូលហេតុដូចខាងក្រោម៖

  • ការកើនឡើងជាតិផូស្វាត (Phosphate) ជាពិសេសចំពោះទារក ដែលបំបៅដោយទឹកដោះគោ ដែលមានជាតិផូស្វាតច្រើន
  • ការថយចុះជាតិវីតាមីន D
  • បណ្តាជំងឺខ្សោយប្រព័ន្ធស៊ាំពីកំណើត (ឧទាហរណ៍៖ Diaeosge Syndrom)
  • ការប្រើថ្នាំប្រភេទ Gentamycine នៅ ២៤ម៉ោងដំបូងបន្ទាប់ពីកើត
  • មានកត្តាផ្សេងៗដូចជា ការថយចុះជាតិម៉ាញ៉េស្យូម(Mg+) ការថយចុះអ័រម៉ូន Parathyroide ដែលម្តាយមានជំងឺ Hyperparathyroide ។ល។

ឃ) តើត្រូវធ្វើការព្យាបាលយ៉ាងដូចម្តេចដែរ?

ការព្យាបាលទារកត្រូវបានធ្វើឡើងនៅមន្ទីរពេទ្យ ជាពិសេសនៅពេលទារកមានការប្រកាច់។ ការព្យាបាលទាន់ពេលវេលា និងមានការតាមដានទារក អាចជួយដល់ការលូតលាស់របស់ទារកបានល្អប្រសើរ។

"ការយកចិត្តទុកដាក់ពីបម្រែបម្រួលមិនធម្មតារបស់ទារក គឺជាកាតព្វកិច្ចរបស់មាតាបិតាគ្រប់រូប ដែលនឹងឈានដល់ការមកពិគ្រោះ និងទទួលដំបូន្មានល្អៗទាន់ពេលវេលា ជាមួយក្រុមគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត និងការព្យាបាលប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត។"

ប្រភព៖ facebook page Hospital Calmette