ជំងឺមហារីកក្រពេញទីរ៉ូអ៊ីត និងការព្យាបាល

១) អ្វីជាជំងឺមហារីកក្រពេញទីរ៉ូអ៊ីត?

ជំងឺមហារីកក្រពេញទីរ៉ូអ៊ីត (thyroid cancer) ថ្វីត្បិតតែមិនសូវមានចំនួនច្រើនដូចជំងឺមហារីកដទៃទៀត តែវាអាចជាឃាតករលាក់មុខដ៍ស្ងៀមស្ងាត់ និងគ្រោះថ្នាក់ ប្រសិនជាមិនបានព្យាបាលត្រឹមត្រូវ។ ផ្ទុយទៅវិញ ជាមួយការព្យាបាលត្រឹមត្រូវ និងទាន់ពេលវេលាតាមក្បួនវេជ្ជសាស្រ្ត ពាក្យ “ជា” នៅមានចំពោះអ្នកជំងឺក្នុងកំរិតខ្ពស់ ហើយភាគច្រើនអ្នកជំងឺមានជោគវាសនាល្អ (good prognosis) ក្រោយការព្យាបាល។

ក្រពេញទីរ៉ូអ៊ីត ជាក្រពេញដែលមានរាងដូចមេអំបៅ ស្ថិតនៅផ្នែកកណ្ដាល និងខាងក្រោមនៃក។ វាមានតួនាទីបញ្ចេញអ័រម៉ូនទីរ៉ូអ៊ីត ដែលចាំបាច់ក្នុងការប្រើថាមពល រក្សាកំដៅក្នុងខ្លួន ធ្វើអោយខួរក្បាល បេះដូង សាច់ដុំ និងសរីរាង្គផ្សេងៗទៀតដំណើរការធម្មតា។

២) ប្រភេទនៃជំងឺមហារីកក្រពេញទីរ៉ូអ៊ីត

  • ជំងឺមហារីកក្រពេញទីរ៉ូអ៊ីតប្រភេទ papillary thyroid cancer (៧០% ទៅ ៨០%)
  • ជំងឺមហារីកក្រពេញទីរ៉ូអ៊ីតប្រភេទ follicular thyroid cancer (១០% ទៅ ១៥%)
  • ជំងឺមហារីកក្រពេញទីរ៉ូអ៊ីតប្រភេទ medullary thyroid cancer (២%)
  • ជំងឺមហារីកក្រពេញទីរ៉ូអ៊ីតប្រភេទ anaplastic thyroid cancer (តិចជាង ២%)

៣) រោគសញ្ញា

ជំងឺមហារីកក្រពេញទីរ៉ូអ៊ីត ជាទូទៅផ្ដើមចេញពីកោសិកាមហារីកមួយដែលធ្វើការបំបែកខ្លួនរីកធំធាត់ជារៀងរាល់ថ្ងៃ។ ជាទូទៅ នៅដំណាក់កាលដំបូង អ្នកជំងឺអាចមិនមានរោគសញ្ញាអ្វីទាំងអស់។ នៅពេលដែលកោសិកាមហារីកមានចំនួនច្រើន ហើយបណ្ដុំគ្នាបានជាដុំមហារីក អ្នកជំងឺអាចមានរោគសញ្ញានៃការលេចមានដុំពកនៅក ដែលអាចមើលឃើញ ឬស្ទាបប៉ះ។ ប្រសិនបើដុំមហារីក រីកកាន់តែធំ វាអាចបណ្ដាលអោយមានការឈឺចាប់នៅក ឬប៉ះពាល់ដល់បំពង់អាហារ និងបំពង់ខ្យល់ ហើយនាំអោយអ្នកជំងឺមានការពិបាកក្នុងលេបអាហារ និងដកដង្ហើម។

៤) ការធ្វើរោគវិនិច្ឆ័យ

យើងអាចកំណត់ធ្វើរោគវិនិច្ឆ័យច្បាស់លាស់បានដោយមធ្យោបាយ ចាក់ម្ជុលបូម (fine needle aspiration) ឬជ្រិបយកជាលិកាដុំពកក (biopsy) ឬធ្វើការវះកាត់ (surgery) យកដុំពកកទៅវិភាគមើលរកជំងឺមហារីក។

៥) ការព្យាបាល
  • ការវះកាត់យកដុំមហារីក ក្រពេញទីរ៉ូអ៊ីតចេញ (និងសរីរាង្គផ្សេងៗទៀតដែលអាចមានការរាលដាលមហារីក) ដោយគ្រូពេទ្យជំនាញ
  • ការព្យាបាលដោយថ្នាំអ៊ីយ៉ូដវិទ្យុសកម្ម បង្គ្រប់ពីលើការវះកាត់ ដើម្បីទៅសំលាប់កោសិកាមហារីកតូចៗមើលនឹងភ្នែកមិនឃើញ ដែលអាចនៅសល់ក្រោយការវះកាត់ ឬមានរីករាលដាលទៅសរីរាង្គផ្សេងៗទៀត (ជាពិសេសនៅឆ្អឹង និងសួត)។ ការព្យាបាលនេះជាការព្យាបាលសាមញ្ញ មានភាពងាយស្រួល ដោយប្រើតែថ្នាំតែមួយគ្រាប់ ព្យាបាលតែមួយដងប៉ុណ្ណោះ ហើយមានប្រសិទ្ធិភាពខ្ពស់។

៦) ចំណុចសំខាន់ៗគួរចងចាំ

ភាគច្រើនជំងឺមហារីកនៅដំណាក់កាលដំបូង អាចមិនមានរោគសញ្ញាអ្វីទាំងអស់ ហើយគ្រប់ដុំពក ក ទាំងអស់មិនមែនសុទ្ធតែជាមហារីកទេ។ មធ្យោបាយដែលល្អបំផុតគឺធ្វើការពិគ្រោះ និងពិនិត្យជាមួយគ្រូពេទ្យឯកទេស ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលអោយទាន់ពេលវេលា។ ជាមួយការព្យាបាលត្រឹមត្រូវតាមក្បួនវេជ្ជសាស្រ្ត អ្នកជំងឺមានសង្ឃឹមជា និងជោគវាសនាល្អច្រើន។

មន្ទីរពេទ្យកាល់ម៉ែត បានដាក់អោយដំណើរការមជ្ឈមណ្ឌលជាតិជំងឺមហារីក ដែលមានក្រុមគ្រូពេទ្យឯកទេស សំភារៈទំនើប និងបច្ចេកវិទ្យាស្តង់ដារសាកល ដើម្បីផ្ដល់ជូននូវការព្យាបាលដ៏មានប្រសិទ្ធភាពជូនអ្នកជំងឺមហារីក។

«សូមអញ្ជើញមកពិគ្រោះជាមួយក្រុមគ្រូពេទ្យឯកទេសក្រពេញអ័រម៉ូន និងឯកទេសជំងឺមហារីក វេជ្ជសាស្រ្តនុយក្លេអ៊ែរនៅមន្ទីរពេទ្យកាល់ម៉ែត។»

ប្រភព៖ facebook page Hospital Calmette