ឬសដូងបាត ជាការរីកធំនៃសរសៃឈាមនៅនឹងក្រសាលគូថរបស់មនុស្សដែលមានពីធម្មជាតិ ។ ជំងឺឬសដូងបាតនេះត្រូវបានចែកចេញជា២ប្រភេទគី ឬសដូងបាតខាងក្រៅ (Hémorroide externe) និង ឬសដូងបាតខាងក្នុង (Hémorroide interne) ។

ក្នុងនោះដែរ ជំងឺឬសដូងបាតខាងក្នុងគឺមានចែកចេញាជា ៤ដំណាក់កាល ៖

  • ទី១: ស្ថិតនៅក្នុងក្រសាលគូថ (មិនមានលានធ្លាក់ចេញមកក្រៅ)
  • ទី២: ធ្លាក់ចេញចុះបន្តិច ហើយអាចខំប្រឹងខ្ជឹបចូលទៅវិញដោយខ្លួនឯងបានក្រោយពេលបន្ទោបង់រួច
  • ទី៣: ធ្លាក់ចុះផុតក្រសាលគូទចេញមកក្រៅ ហើយវាអាចចូលទៅក្នុងវិញដោយយកដៃរុញ បញ្ចូលទៅវិញ
  • ទី៤: ធ្លាក់ចុះចេញផុតមកក្រៅហើយមិនចូលទៅវិញបានទេ (ទោះយកដៃទៅជួយរុញចូលក៏ដោយ) ។

ក) រោគសញ្ញា

  • ធ្លាក់ឈាមស្រស់ពេលបន្ទោបង់
  • ឈឺចាប់ ក្រហាយ ឫរមាសក្រសាលគូថ
  • មានដុំសាច់ទុនៗ ធ្លាក់ជាប់នៅក្រៅក្រសាលគូថ ។

ខ) មូលហេតុ និងកត្តាប្រឈម

កត្តាប្រឈមដែលធ្វើឲ្យអ្នកកើតជំងឺឬសដូងបាត រួមមាន

  • ការទល់លាមក ឬ ការពិបាកបត់ជើងធំ និងការរាគរូសរ៉ាំរ៉ៃ
  • ការអង្គុយយូ ដូចជាអ្នកបើកបរ រថយន្តឈ្នួល, អ្នកធ្វើការយូដែលមិនមានបំលាស់ទី ឬលំហាត់ប្រាណមិនបានគ្រប់គ្រាន់
  • កង្វះអាហារដែលមានជាតិសរសៃរ (Fiber) ហើយដែលមាននៅក្នុងបន្លែបៃតង និង ផ្លែឈើ
  • ការហូបសាច់ច្រើនហួសកំរិត
  • ការពិសារទឹកតិចពេក ដែលបណ្តាលឲ្យលាមកក្តៀនរឹង
  • ស្រ្តីមានទម្ងន់ដែលទារក និង ក្រោយសំរាល ។

គ) ការព្យាបាល

ការព្យាបាលគឺយើងផ្តល់ជូនទៅតាមតំណាក់កាលនៃជំងឺដែលមានដូចជា

  • តំណាក់កាលទី១ មិនតម្រូវអោយមានការព្យាបាលនោះទេដោយសារតែវាមិនស្តែងជារោគសញ្ញា និង ផលវិបាកនៅឡើយដែរ
  • តំណាក់កាលទី២ និង ទីបីអាចធ្វើការព្យាបាលដោយការចង (Elastic band ligation)
  • រីឯទី ៤ គឺភាគច្រើនអាចធ្វើឡើងដោយការវះកាត់ ។

* បញ្ជាក់

  • ការប្រើប្រាស់ថ្នាំចាក់ឲ្យស្វិត ឬរលួយជ្រុះត្រូវបានគេបោះបង់ចោលហើយទៅតាមក្បួនបច្ចេកទេសវេជ្ជសាស្ត្រព្យាបាលថ្មីៗនេះ ព្រោះដោយសារតែវាអាចបង្កនូវផលវិបាក និង វិបត្តិធ្ងន់ធ្ងរដូចជា ៖ - ការឈឺចាប់ក្រោយការចាក់ថ្នាំ (ដែលមានសភាពខ្លាំង និង រយះពេលយូរ)
  • ការធ្លាក់ឈាមក្រោយការចាក់
  • ដំបៅរលួយបង្ករោគធ្ងន់ធ្ងរក្រោយការចាក់
  • ឬពេលជាសះទៅ ធ្វើឲ្យខ្ជិបក្រសាលគូថ ។ល។

« ប្រសិនបើលោក លោកស្រីមានអាការៈ ឬរោគសញ្ញាដូចបានរៀបរាប់ខាងលើ សូមមេត្តាមកពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលបានរោគវិនិច្ឆ័យ ច្បាស់លាស់ និងឈានទៅរកការព្យាបាលមួយដ៏ត្រឹមត្រូវប្រកបដោយជោគជ័យ។»

ប្រភព៖ facebook page Hospital Calmette