ស្រីៗ​ពិបាក​ខ្លាំងណាស់​ទៅហើយ ពេល​ពពោះ ហើយ​ក្រោយ​សម្រាល​កូន ក៏​មិនស្រួល​ដែរ ត្រូវ​មើល​ថែកូន ធ្វើម៉េច​ឲ្យ​មាន​សុខភាព​ល្អ ធំឡើង​ឆ្លាត។ ជាក់​ស្ដែង ការ​លើកបី ពកូន​អត់​ត្រឹម​ត្រូវ ខុស​បច្ចេក​ទេស នាំ​ឲ្យស្រីៗ​គ្នាយើង​ឈឺ​ចង្កេះ ឈឺ​ឆ្អឹងខ្នង​ជា​មិនខាន ជាពិសេស​ពេល​កូន​កាន់តែ​ធំ​ធ្ងន់ឡើងៗ។ ថ្ងៃ​នេះ “Hello គ្រូ​ពេទ្យ” នឹង​បង្ហាញ​បច្ចេកទេស​លើកបី ពកូន យ៉ាងម៉េច​កុំ​ឲ្យ​ឈឺខ្នង ឬ​ចង្កេះ៖

១- ឈឺខ្នងកើតគ្រប់ស្ត្រីពពោះ

​ជា​រឿង​ធម្មតា​ទេ​ដែល​ម្ដាយ​កំពុង​ពពោះ ស្រែក​ថា​ឈឺ​ខ្នងៗ តែ​ពេល​សម្រាល​​រួច​ប្រហែល ២-៣ សប្ដាហ៍ នឹង​លែង​ឈឺ​ដោយ​ឯកឯង។ ដល់​ពេល​សម្រាល​រួច ម្ដាយ​ត្រូវ​ព ឬ​បី​កូន​ នោះ​ការ​ឈឺ​ខ្នង​នឹង​ត្រលប់​មក​វិញ​ម្ដង​ទៀត។

លើក​ ឬ​បី​ទារកតិច​ច្រើន ​ធ្វើ​ឱ្យ​ឆ្អឹង​ខ្នង​ធ្វើ​ការ​ធ្ងន់។ ពេល​ទារក​ទើប​​កើត​ទម្ងន់ ​៣-៥ គីឡូក្រាម​ ម្ដាយ​ជាធម្មតា​លើក​បី​ព​កូន​ជា​មធ្យម​ ៥០ ​ដង/ថ្ងៃ។ ទារក​នឹង​មាន​ទម្ងន់​រហូត​ដល់ ​៨​ គីឡូក្រាម​នៅ​ពេល​អាយុ​ ១​ ឆ្នាំ និង​អាច​ដល់​ ១៣​-​១៥ ​គីឡូក្រាម ​នៅ​ពេល​អាយុ ​២​ឆ្នាំ។ កាន់​តែ​ខ្លាំង​ជាង​ហ្នឹង​ទៀត ​គឺរាល់​ការ​បី​ក្មេង​ម្ដងៗ ម្ដាយ​ត្រូវ​ទប់​លំនឹង និង​ថ្នម​ខ្លាំង​មែន​ទែន។ សាក​ស្រមៃ​មើល​ថា បើ​ម្ដាយ​បី​កូន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ តើ​ឆ្អឹង​ខ្នង​នឹង​ទៅ​ជា​យ៉ាង​ណា?

សំណាង​ល្អ​វិញ មាន​គន្លឹះ​មួយ​ចំនួន​អាច​ការ​ពារ ​និង​កាត់​បន្ថយ​ការ​ឈឺ​ខ្នង​បាន។

២- ការពារមិនឱ្យឈឺខ្នង

វិធី​បង្ការ​កុំ​ឱ្យ​ឈឺ​ខ្នង​អាច​អនុវត្ត​បាន​ទាំង​ម៉ាក់ ​និង​ប៉ា ព្រោះ​ប៉ាៗក៏​ជា​អ្នក​​ឧស្សាហ៍​លើក​បី​កូន​ដែរ។

លក្ខខណ្ឌ​ទូទៅ

ធ្វើ​លំហាត់​ប្រាណ៖ ការ​ហាត់​ប្រាណ​ ធ្វើ​ឱ្យ​មាន​សុខភាព​ល្អ ​មិន​ថា​ជំងឺ​អ្វី​ក៏​ដោយ ប៉ុន្តែ​សម្រាប់​ស្ត្រី​ទើប​សម្រាល​កូន​រួច សូម​​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ​ជាមុន​សិន​ ថា​តើ​រយៈពេល​ប៉ុន្មាន​ខែ​ក្រោយ​សម្រាល ទើប​អាច​ហាត់​ប្រាណ​បាន ហើយ​ត្រូវ​ហាត់​ពេល​ណា ជាមួយ​ឧបករណ៍​អ្វី។

បើ​គ្រូពេទ្យ​អនុញ្ញាត​ឱ្យ​ហាត់​ប្រាណ​ហើយ ម្ដាយ​គួរ​ប្រុង​ប្រយ័ត្ន​នឹង​ហាត់​ប្រាណ​ កុំ​កញ្ឆក់ៗ ឬ​លើ​របស់​ធ្ងន់ៗ។ យក​ល្អ គួរ​ហាត់​របៀប​យ៉ូហ្កា​ឱ្យ​បាន​ច្រើន។

របៀប​លើក​ទារក

  • ពេល​យើង​ឱន​ចុះ​ក្រោម ​លើក​ក្មេង​ព ​ត្រូវ​ចៀសវាង​ឱន​ពត់​ខ្នង​ខ្លាំង​ពេក​ ព្រោះ​​អាច​​ធ្វើ​ឱ្យ​ឈឺ​ចង្កេះ​ខ្លាំង។ វិធី​ត្រឹម​ត្រូវ​ គឺ​​ឱន​ចុះ​បន្តិច​ និង​លត់​ជង្គង់​ចុះ​ម្ខាង​ កាន់​ក្មេង និង​លើ​កក្មេងឡើង​ ដោយ​ប្រឹង​ក្បាល​ពោះ​ និង​កម្លាំង​ជើង។
  • សូម​កុំ​លើក​ទារក​ឡើង​ដោយ​ប្រើ​ដៃ​យោង​ព គឺ​ត្រូវ​ឱបទារក​នោះ​ជាប់​នឹង​ដើម​ទ្រូវ​សិន​សឹម​ងើប​ឡើង។

ពេល​បំបៅ​ដោះ​កូន

  • ពេល​បំបៅ​ដោះ​កូន​ជាប់​នឹង​ដើម​ទ្រូង ម្ដាយ​មិន​គួរ​ងើប​ឈរ​នោះ​ទេ។ ម្ដាយ​ត្រូវ​គេង​ផ្អៀង​ម្ខាង និង​ដាក់​កល់​ខ្នើយ​សមស្រប ​ដើម្បី​អាច​ឱ្យ​កូន​បៅ​បណ្ដើរ​ និង​គេង​បណ្ដើរ។
  • ​ពេល​អង្គុយ​បំបៅ​ដោះ ម្ដាយត្រូវ​អង្គុយ​ត្រង់​ខ្លួន ​និង​នៅ​លើ​កៅ​អី​រឹង​ ជាជាង​កៅ​អី​ដែល​មាន​ពូក​ទន់ៗ។

ពេល​បី​កូន​ដើរ

  • ពេល​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​ ហើយ​ព​កូន គួរ​មាន​កាបូប​សម្រាប់​ដាក់​ទារក​ខាង​មុខ​ដើម​ទ្រូង ​ជាជាង​បី​ដោយ​ដៃ​ច្រើន​ពេក។
  • ចៀសវាង​ដាច់ខាត​ព​កូន​នៅ​ចង្កេះ ព្រោះ​នឹង​នាំឱ្យ​ឈឺ​ទាំង​ចង្កេះ ​និង​ខ្នង។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ប្រភព៖ គេហទំព័ររបស់ hellokrupet.com