ការលង់ ឬការជិតស្លាប់ដោយសារលង់ទឹកច្រើនតែជាបញ្ហាដែលគេហៅអោយអ្នកធ្វើការថែទាំវេជ្ជសាស្រ្តសង្គ្រោះបន្ទាន់ មុននឹងបញ្ជូនទៅមន្ទីរពេទ្យដើម្បីជួយសង្គ្រោះ។ នៅក្នុងការលង់ទឹក ទឹកកម្រចូលសួតក្នុងបរិមាណច្រើន ពីព្រោះនៅពេលប៉ះនឹងវត្ថុរាវ ការកន្ត្រាក់បំពង់កកើតឡើង ហើយការកន្ត្រាក់ទាំងនេះនឹងបិទដង្ហើមពីមាត់ និងច្រមុះ។

១) អាទិភាពដំបូងបំផុតនៅក្នុងការគ្រប់គ្រងជនរងគ្រោះលង់ទឹក គឺរក្សាសុវត្ថិភាពបុគ្គលិកជួយសង្គ្រោះ។ អ្នកជួយសង្គ្រោះគួរពិចារណាពីលទ្ធភាពនៃការកើតមានរបួសនៅឆ្អឹងខ្នងរបស់ជនរងគ្រោះ ប្រសិនបើទាក់ទងនឹងគ្រោះថ្នាក់នៃការលោត ឬជ្រមុជទឹក ឬមិនដឹងមូលហេតុ។ គួរតែសែងយកអ្នករងគ្រោះចេញពីទឹក ដោយប្រើក្តារបន្ទះរឹងជាជំនួយ។

២) ដើម្បីជៀសវាងការមានបញ្ហាធ្ងន់ធ្ងរពីការខ្វះអុកស៊ីសែន យើងត្រូវនាំជនរងគ្រោះអោយបានលឿនមកលើផ្ទៃទឹក ។ ទោះបីជាអ្នកលង់ទឹកមិនទាន់ត្រូវបានយកចេញពីផ្ទៃទឹកក៏ដោយ ក៏យើងត្រូវចាប់ផ្តើមបញ្ចូលខ្យល់សិប្បនិម្មិត និងកុំផ្តាច់ខ្យល់សិប្បនិម្មិតរហូតដល់អ្នកលង់ទឹកត្រូវបានអ្នកជួយសង្គ្រោះយកមកដល់ច្រាំង។

៣) នៅលើដីគោកស្ងួតអាចរមៀលអ្នកលង់ទឹក (ធ្វើយ៉ាងណាកុំអោយឆ្អឹងខ្នងមានចលនា) ទៅខាងឆ្វេងដើម្បីអោយទឹកកំអួតចេញពីផ្លូវដង្ហើមខាងលើ។ ប្រសិនបើមានគួរតែបឺតសំអាតផ្លូវដង្ហើមអោយបានឆាប់រហ័ស និងចាប់ផ្តើមធ្វើការបញ្ចូលខ្យល់សិប្បនិម្មិតឡើងវិញរហូតដល់ដង្ហើមរបស់អ្នកលង់ទឹកដំណើរការជាធម្មតាឡើងវិញ។

៤) ប្រសិនបើជនរងគ្រោះគ្មានជីពចរទេ ការធ្វើចលនាបេះដូង និងសួតត្រូវចាប់ផ្តើមភ្លាមៗ។ ការធ្វើចលនាបេះដូង និងសួតក្នុងពេលពីរបីនាទីដំបូង ក្រោយពីការគាំងបេះដូងគឺជាការព្យាករណ៏មួយសំខាន់នៃការរស់រានមានជីវិតរបស់អ្នកលង់ទឹក។ ប្រសិនបើការប៉ោងក្រពះប៉ះពាល់ដល់ការបញ្ចូលខ្យល់សិប្បនិម្មិត អ្នកសង្គ្រោះគួរតែដាក់ជនរងគ្រោះអោយដេកផ្អៀងទៅខាងឆ្វេង។ គួរបន្តចាត់វិធានការ ជួយសង្គ្រោះនៅពេលដែលអ្នកលង់ទឹកត្រូវបានដឹកទៅកាន់មន្ទីរពេទ្យដែលពួកគេអាចទទួលបានការជួយសង្គ្រោះជីវិតបែបទំនើបពេញលេញ។





ប្រភព៖ facebook page វេជ្ជបណ្ឌិតវ័យក្មេង