ជំងឺខ្សោយពោះវៀន!

១) អ្វីទៅជាជំងឺខ្សោយពោះវៀន(Irritable Bowel Syndrome)?

ជាបណ្តុំរោគសញ្ញាទាំងឡាយណាដែលបញ្ជាក់ថាអ្នកជំងឺមានបញ្ហាពាក់ព័ន្ធនឹងពោះវៀន។ ដោយពាក្យរបស់ខ្មែរមិនទាន់អាចមានពាក្យណាពន្យល់អោយចំ និងស្រួលស្តាប់បាន ជំងឺនេះត្រូវបានគេអោយឈ្មោះផ្សេងៗ ទៅតាមការនិយមរបស់គ្រូពេទ្យ ដើម្បីងាយស្រួលក្នុងការពន្យល់អ្នកជំងឺដូចជា៖

  • ជំងឺរលាកពោះវៀនរ៉ាំរ៉ៃ
  • ជំងឺខ្យល់ក្នុងពោះវៀន
  • ហើមពោះវៀន
  • ជំងឺខ្សោយពោះវៀន។

គឺជាជំងឺមួយដែលតែងជួបប្រទះញឹកញាប់ ជាពិសេសទៅលើអ្នកជំងឺដែលមកពិគ្រោះនៅផ្នែកថ្លើម-ក្រពះ-ពោះវៀន នៃមន្ទីរពេទ្យកាល់ម៉ែត (លើសពី៥០%)។

២) តើរោគសញ្ញានៃជំងឺខ្សោយពោះវៀនមានអ្វីខ្លះ?

រោគសញ្ញានៃជំងឺខ្សោយពោះវៀនរួមមាន៖
  • ការឈឺពោះរាំរ៉ៃ
  • តឹងណែនក្នុងពោះ
  • ញ៉ាំឆាប់ឆ្អែត

និងរោគសញ្ញាមួយចំនួនទៀតដែលមានលក្ខណៈខុសគ្នា ដែលអាចអោយគេចែកជំងឺនេះជាបួនក្រុម៖

  • រាគរ៉ាំរ៉ៃ (ក្រុមទី១)
  • ទល់លាមករ៉ាំរ៉ៃ (ក្រុមទី២)
  • រាគ និងទល់លាមកឆ្លាស់គ្នា (ក្រុមទី៣)
  • មិនមានរោគសញ្ញារាគ ឫទល់ទេ (ក្រុមទី៤)

៣) តើជំងឺខ្សោយពោះវៀននេះមានលក្ខណៈធ្ងន់ធ្ងរដែរឬទេ?

ជាទូទៅជំងឺខ្សោយពោះវៀន មិនមានបង្កជាផលវិបាកធ្ងន់ធ្ងរទេ តែវមានភាពរំខានខ្លាំងក្នុងជីវភាពរស់នៅរបស់អ្នកជំងឺ។ ប៉ុន្តែអ្វីជាការចាំបាច់ យើងត្រូវតែធ្វើរោគវិនិច្ឆ័យអោយបានច្បាស់លាស់ថា ជាជំងឺខ្សោយពោះវៀនពិតប្រាកដមែនឬទេ។ ផ្ទុយទៅវិញអ្នកដែលមានសម្ពាធការងារ ឬគ្រួសារច្រើន ភាគច្រើនមានបញ្ហានេះជាញឹកញាប់។

៤) តើធ្វើយ៉ាងណាដើម្បីអោយដឹងថាអ្នកជំងឺមានជំងឺខ្សោយពោះវៀនពិតប្រាកដ?

ជាទូទៅការធ្វើរោគវិនិច្ឆ័យនៃជំងឺខ្សោយពោះវៀន គឺពឹងផ្អែកទៅលើរោគសញ្ញាដែលផ្តល់ដោយអ្នកជំងឺ។ យ៉ាងណាម៉ិញមានជំងឺមួយចំនួនអាចស្តែងចេញរោគសញ្ញាដូចជំងឺខ្សោយពោះវៀនដែរ ដូចជាជំងឺរលាកពោះវៀនដោយសារមេរោគដំបៅពោះវៀន និងជំងឺមហារីកពោះវៀនជាដើម។ ដូចនេះដើម្បីបានការធ្វើរោគវិនិច្ឆ័យនៃជំងឺខ្សោយពោះវៀនអោយបានសុក្រិត អ្នកជំងឺគួរតែទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសផ្នែកថ្លើម-ក្រពះ-ពោះវៀន។

៥) តើមានវិធីអ្វីអាចបង្ការជំងឺនេះបានដែរឬទេ?

ជំងឺនេះមិនទាន់មានវិធីបង្ការណាមួយជាក់លាក់ទេ ព្រោះមូលហេតុពិតប្រាកដនៃជំងឺខ្សោយពោះវៀន មិនទាន់បានត្រូវគេរកឃើញនៅឡើយ ប៉ុន្តែគេសង្កេតឃើញថា សុខភាពផ្លូវចិត្តមានការប៉ះពាល់យ៉ាងខ្លាំងទៅលើជំងឺនេះ។ អ្នកដែលមានសុខភាពផ្លូវចិត្តល្អ ភាគច្រើនមិនមានបញ្ហានេះទេ។

៦) តើជំងឺខ្សោយពោះវៀនអាចព្យាបាលជាឬទេ?

ជំងឺខ្សោយពោះវៀនជាជំងឺមួយដែលអាចព្យាបាលជាបាន ប៉ុន្តែអត្រាលាប់ឡើងមកវិញគឺមានកម្រិតខ្ពស់ ការព្យាបាលទាមទារអោយមានការចូលរួមពីអ្នកជំងឺ ដើម្បីកាត់បន្ថយនូវអត្រាលាប់ឡើងមកវិញនេះ។ ដូចបានរៀបរាប់ខាងលើ សុខភាពផ្លូវចិត្តជាកត្តាសំខាន់ ដើម្បីការពារកុំអោយលាប់នៃជំងឺ និងចាំបាច់ត្រូវកាត់បន្ថយភាពតានតឹងក្នុងអារម្មណ៏ យល់ច្បាស់ពីជំងឺរបស់ខ្លួន និងមានភាពជឿជាក់លើគ្រូពេទ្យ។

៧) តើអ្នកជំងឺខ្សោយពោះវៀនគួរតមអ្វីខ្លះ?

ជាទូទៅចំណីអាហារមិនមែនជាកត្តាបង្កជំងឺខ្សោយពោះវៀននោះទេ ប៉ុន្តែចំណីអាហារមួយចំនួនអាចធ្វើឲ្យមានលេចចេញរោគសញ្ញាខ្សោយពោះវៀនកាន់តែច្បាស់ និងខ្លាំងក្លា។ អ្នកជំងឺម្នាក់ៗអាចឆ្លើយតបទៅនឹងចំណីអាហារខុសៗគ្នាដូចជា៖

  • អ្នកខ្លះញ៉ាំម្ជូរមិនបាន
  • អ្នកខ្លះញ៉ាំស៊ុតមិនបាន
  • អ្នកខ្លះទៀតញ៉ាំបន្លែមិនបាន

ដូចនេះការតមអាហារគឺធ្វើទៅតាមការឆ្លើយតបរបស់ជំងឺទៅនិងចំណីអាហាររបស់អ្នកជំងឺមួយៗ។

បញ្ជាក់៖ ដោយជំងឺខ្សោយពោះវៀនជាជំងឺមួយដែលគេតែងជួបប្រទះញឹកញាប់ តែរោគសញ្ញានៃជំងឺនេះអាចអោយងាយមានការភណ្ឌច្រឡំទៅនឹងជំងឺមួយចំនួនដែលអាចមានលក្ខណៈធ្ងន់ធ្ងរ អ្នកជំងឺដែលមានរោគសញ្ញានៃជំងឺខ្សោយពោះវៀន គួរតែបានជួបពិគ្រោះជាមួយក្រុមវេជ្ជបណ្ឌិតឯកទេស និងជំនាញផ្នែក ថ្លើម-ក្រពះ-ពោះវៀន នៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បទទួលបានរោគវិនិច្ឆ័យច្បាស់លាស់ និងទទួលនូវសេវាព្យាបាលអោយបានត្រឹមត្រូវ ប្រកបដោយប្រសិទ្ធិភាពខ្ពស់។

“ ចូលរួមយល់ដឹងអំពីបញ្ហាសុខភាពខ្លួន ដើម្បីសុខុមាលភាពយូរអង្វែង! ”

ប្រភព៖ facebook page Hospital Calmette