នរណាក៏ដឹងដែរថា ទឹកម្តាយសម្បូរជីវជាតិច្រើនមុខ អាចឲ្យអូនតូចលូតលាស់បានល្អ ចៀសផុតពីជំងឺផ្សេងៗ។ ខណៈរវល់ការងារ មិនសូវមានពេលវេលាគ្រប់គ្រាន់ ម៉ាក់ៗមួយចំនួនមិនបានបំបៅដោះកូននោះទេ ឬអ្នកខ្លះទៀតឲ្យបេប៊ីម៉ឹមដោះពេលយប់ ឯពេលថ្ងៃបៅទឹកដោះគោជំនួស។ តើការឲ្យបេប៊ីញ៉ាំទឹកដោះគោ លាយទឹកដោះម្តាយ អាចមានផលប៉ះពាល់ទេ?
បើតាមការបកស្រាយរបស់លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាអ្នកឯកទេសអាហារូបត្ថម្ភ ការឲ្យទារកបៅទឹកដោះម្តាយលាយជាមួយទឹកដោះគោ បង្កផលប៉ះពាល់ច្រើនបំផុត។ ផលប៉ះពាល់ទាំងនោះរួមមាន៖
- ទារកប្រឈមខ្ពស់នឹងជំងឺមួយចំនួន ពិសេសរាករូស និងរលាកបំពង់ក
- ងាយនឹងខ្វះអាហារូបត្ថម្ភ
- ធ្វើឲ្យការផលិតទឹកដោះថយចុះ
- ទារកលែងចង់បោះដៅម៉ាក់ៗតទៅទៀត។
តើធ្វើម៉េចឲ្យកូនម៉ឹមដោះម៉ាក់បាន ៦ខែ??
ម៉ាក់ៗទោះជារវល់យ៉ាងណាក៏ត្រូវគិតពីសុខភាពកូនដែរ ចង់ឲ្យបេប៊ីម៉ឹមទឹកដោះយើងបានយ៉ាងហោចណាស់ ៦ខែ មានវិធីតើ មិនបាច់ឲ្យអាអូនបៅលាយទឹកដោះគោទេ។ លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភណ្ឌនារី បានណែនាំឲ្យម៉ាក់ៗច្របាច់ទឹកដោះទុកក្នុងកែវ ឬពែង ឲ្យកូនញ៉ាំពេលយើងមិននៅផ្ទះ។
ទឹកដោះម្តាយអាចទុកបានប៉ុន្មានម៉ោង?
ទឹកដោះម្តាយអាចច្របាច់ទុកបានដល់ទៅ ៤ ម៉ោងឯណោះ ក្នុងបរិយាកាសធម្មតា និង ១២ ម៉ោង បើយើងទុកក្នុងធុង ឬទូរទឹកកក។ កន្លែងរក្សាទុកទឹកដោះ ម៉ាក់ៗត្រូវប្រាកដថាមានអនាម័យ និងត្រូវគ្របឲ្យជិត បង្ការមិនឲ្យសត្វល្អិត ឬធូលីហុយចូល។
ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក បានលើកទឹកចិត្តឲ្យម្តាយបំបៅកូនដោយទឹកដោះតែមួយមុខគត់ ចាប់ពីកើតរហូតដល់អូនតូចអាយុបាន ៦ខែ រួចបន្តបំបៅកូនរហូតដល់អាយុ២ ឆ្នាំ រួមជាមួយការផ្តល់អាហារបន្ថែមផ្សេងៗ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។
Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ប្រភព៖ គេហទំព័ររបស់ hellokrupet.com


