ជំងឺមហារីកមាត់ស្បូនបង្កឡើងដោយវីរុស Human Papillomavirus (HPV) ឆ្លងតាមរយៈការរួមភេទ និងការប៉ះពាល់ស្បែកដែលដាច់រលាត់ ។ ជំងឺនេះគ្មានរោគសញ្ញាអ្វីទាំងអស់នៅក្នុងដំណាក់ដំបូង ប៉ុន្តែនៅដំណាក់កាលចុងក្រោយមានធ្លាក់ឈាម មានន័យថាយឺតពេលហើយ។
បើតាមទិន្នន័យរបស់អង្គការសុខភាពពិភពលោក (WHO) ជំងឺមហារីកមាត់ស្បូន គឺជាមូលហេតុចម្បងនៃការស្លាប់ដោយជំងឺមហារីកក្នុងចំណោមស្ត្រីនៅកម្ពុជា ហើយយ៉ាងហោចណាស់មានស្ត្រីចំនួន ៩០០ នាក់បានស្លាប់ដោយជំងឺនេះជារៀងរាល់ឆ្នាំ។
ត្រូវចាក់ថ្នាំបង្ការ HPV នៅពេលណា? អាយុប៉ុន្មាន?
មិនចាំបាច់តែស្រីៗដែលមានដៃគូនោះទេ គ្នាយើងនៅលីវ ឬក្មេងស្រីៗដែលមិនទាន់ប្រលូករឿងផ្លូវភេទក៏អាចចាក់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូនបានដែរ ចាប់ពីអាយុ ៩ ឆ្នាំឡើងទៅ។ នេះជារឿងសំខាន់ ដូចពាក្យចាស់លោកថា “ការពារប្រសើរជាងព្យាបាល” ដូច្នេះម៉ាក់ប៉ាដែលមានកូនស្រីត្រូវប្រញាប់នាំទៅចាក់វ៉ាក់សាំងបង្ការជាមុន ព្រោះក្នុងករណីដែលបានឆ្លងមេរោគ HPV ការចាក់ថ្នាំបង្ការនេះគ្មានប្រសិទ្ធភាពនោះទេ។
តើត្រូវចាក់វ៉ាក់សាំងប៉ុន្មានដង?
ការចាក់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូន ត្រូវធ្វើឡើងចំនួន ៣ ដង ទើបគ្រប់ដូស ដោយមួយលើកៗមានគម្លាតខុសៗគ្នា។
- លើកទី១៖ ចាក់ភ្លាមៗ
- លើកទី២៖ ១-២ ខែ បន្ទាប់ពីចាក់លើកទី ១
- លើកទី៣៖ ៦ ខែ បន្ទាប់ពីចាក់លើកទី ១។
អ្នកណាខ្លះមិនអាចចាក់វ៉ាក់សាំងនេះបាន?
មិនមែននរណាក៏អាចចាក់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូនបានទាំងអស់គ្នានោះទេ វ៉ាក់សាំងនេះមានករណីលើកលែងចំពោះស្រីៗគ្នាយើងមួយចំនួន។
- ធ្លាប់មានប្រតិកម្មធ្ងន់ធ្ងរជាមួយវ៉ាក់សាំងនេះពីមុន
- ស្រ្តីមានផ្ទៃពោះ។
វ៉ាក់សាំងបង្ការមេរោគ HPV មានប្រសិទ្ធភាពកម្រិតណា?
វ៉ាក់សាំងនេះអាចការពារជំងឺមហារីកស្បូនបានច្រើន តែទោះយ៉ាងណាក្រោយពេលវ៉ាក់សាំងរួច ស្ត្រីដែលមានដៃគូរួមភេទត្រូវពិនិត្យតាមដាន និងធ្វើតេស្តកោសិកាមហារីកមាត់ស្បូនឲ្យទៀងទាត់ជាមួយគ្រូពេទ្យជំនាញ រៀងរាល់ ២-៣ឆ្នាំ/ម្តង។
ផលវិបាកអាចកើតមានក្រោយចាក់វ៉ាក់សាំង
មិនខុសគ្នាប៉ុន្មានពីវ៉ាក់សាំងផ្សេងៗទេ ការចាក់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូនអាចមានផលរំខានខ្លះៗ ឬប្រតិកម្មអាលែកហ្ស៊ីជាដើម។ ផលវិបាកដែលអាចកើតឡើង រួមមាន៖
- ឈឺ ឬហើមកន្លែងចាក់
- ឈឺក្បាល ល្ហិតល្ហៃ
- គ្រុនក្តៅ
- រមូលពោះ ចង់ក្អួតចង្អោរ
- ឈឺពោះ ឬរាករូស
- ឈឺសាច់ដុំ ឬសន្លាក់ឆ្អឹង
- វិលមុខ ធីងធោង
- ប្រិតកម្មធ្ងន់ធ្ងរ (កម្រមានណាស់)។
បន្ទាប់ពីចាក់វ៉ាក់សាំងរួចភ្លាម យើងអាចធីងធោង ឬងងឹតមុខមួយស្របក់ ដូច្នេះហើយគ្រូពេទ្យតម្រូវឲ្យយើងអង្គុយចុះ ឬតម្រេកខ្លួនប្រហែល ១៥ នាទី ដើម្បីបញ្ចៀសបញ្ហានេះ។ ក្នុងករណីមានប្រតិកម្មធ្ងន់ធ្ងរ ត្រូវប្រញាប់ប្រាប់គ្រូពេទ្យជាបន្ទាន់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ប្រភព៖ គេហទំព័ររបស់ hellokrupet.com

