ការប៉ះទង្គិចលើផ្ទៃមុខ គឺជាគ្រោះថ្នាក់ទាំងឡាយណា ដែលបណ្តាលឲ្យមានរបួសស្បែក រហូតដល់បាក់ឆ្អឹងមុខ និងថ្គាម ហើយជួនកាលអាចរួមផ្សំជាមួយនិងការប៉ះទង្គិចខួរក្បាល ដែលអាចឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតទៀតផងក៏មាន។
ក) មូលហេតុ
មូលហេតុដែលកើតជាញឹកញាប់រួមមាន គ្រោះថ្នាក់ចរាចរណ៍ ការធ្លាក់(គ្រោះថ្នាក់ការងារ) ការវាយតប់គ្នា ឬក៏ការលេងកីឡាជាដើម ។ល។
ខ) រោគសញ្ញា
រោគសញ្ញាអាចចែកជា ២ក្រុមៈ
១. សញ្ញាគ្រោះថ្នាក់បន្ទាប់ដល់អាយុជីវិត៖
- ការហូរឈាមច្រើន បណ្តាលឲ្យស្លេកស្លាំង ឬសន្លប់
- ការស្ទះផ្លូវដង្ហើម ដកដង្ហើមមិនរួច
២. សញ្ញាគ្រោះថ្នាក់ផ្សេងៗ៖
- សន្លប់ពេលគ្រោះថ្នាក់ៈ វិលមុខខ្លាំង ឈឺក្បាលខ្លាំង ក្អួតច្រើន
- ការឈឺចាប់លើផ្ទៃមុខ ក្បាល ដងខ្លួន ដៃជើង ។ល។
- ការកោសរលាត់ របួសស្បែកដោយមានហូរឈាម ហើមជាំជុំវិញភ្នែក ឈាមច្រមុះ ។ល។
- ហាមាត់មិនរួច បិទភ្នែកមិនជិត វៀចមាត់ រួមនិងទន់ក ទន់ដៃជើង ហើមពោះ
គ) ការធ្វើរោគវិនិច្ឆ័យ
យើងអាចធ្វើរោគវិនិច្ឆ័យបានតាមរយៈ អេកូសាស្ត្រ ការថតឆ្លុះ ឬស្គែន៖
- មានបាក់ឆ្អឹងមុខ ថ្គាម ឬលលាដ៏ក្បាល
- ហូរឈាមក្នុងខួរក្បាល
- បាក់ឆ្អឹងក ឆ្អឹងដៃជើង
- ធ្លាយពោះ ឈាមក្នុងពោះ
ឃ) ការព្យាបាល
- ការព្យាបាលអាស្រ័យទៅលើសភាពស្រាល ឬធ្ងន់របស់អ្នកជំងឺ ហើយគួរបញ្ជូនទៅមន្ទីរពេទ្យដែលនៅជិតលោកអ្នកបំផុត ដើម្បីសង្គ្រោះ ។
- សង្គ្រោះបន្ទាន់ដោយទប់ស្កាត់ការហូរឈាម ឬសម្អាតផ្លូវដង្ហើម
- ការលាង-ដេររបួស និងចាក់វ៉ាក់សាំងការពារ
- ព្យាបាលដោយប្រើថ្នាំផ្សះ ថ្នាំបំបាត់ហើម បំបាត់ការឈឺចាប់និងការតាមដានសភាពជំងឺ
- តម្រូវឲ្យមានការវះកាត់ក្នុងករណីចាំបាច់៖
- ការវះកាត់តម្រង់ឆ្អឹងថ្គាម ក្រោម-លើ-ជុំវិញភ្នែកឬលលាដ៍ក្បាល
- បឺតអាហាររាវៗតាមទុយយោ ឬហូបអាហារទន់ៗ 3-4សប្តាហ៍ក្រោយការវះកាត់
- ការបិតមាត់រយៈពេល ២-៤សប្តាហ៍ក្រោយការវះកាត់ឬការពត់តម្រង់ធ្មេញ
- ការវះកាត់ផ្សេងៗទៀតក៏អាចរួមផ្សំដែរដូចជា វះកាត់ខួរក្បាល់ ពោះ ឬដៃជើង
ង) ការការពារ
ការការពារប្រសើជាងការព្យាបាល៖
- គោរពច្បាប់ចរាចរណ៍
- ពាក់មួកសុវត្ថិភាពទាំងអស់គ្នា ពេលជិះម៉ូតូ
- ពាក់ខ្សែរក្រវ៉ាត់ទាំងអស់គ្នា ពេលជិះឡាន
- ពិសារគ្រឿងស្រវឹង សូមកុំបើកបរ
“ប្រសិនបើលោកអ្នកមានការប៉ះទង្គិចលើផ្ទៃមុខ សូមអញ្ជើញមកជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីជៀសវាងផលវិបាលនានាដូចជាការវៀចមុខមាត់ជាដើម។ល។”
ប្រភព៖ facebook page Hospital Calmette

