ឆ្លុះក្រពះពោះវៀនដោយបច្ចេកទេសទំនើប ស្វែងរកជំងឺមហារីកក្រពះពោះវៀន ក្នុងដំណាក់កាលដំបូង
១). អ្វីទៅជាជំងឺមហារីកក្រពះ និងពោះវៀនធំ?
ជាជំងឺមួយដែលគេជួបប្រទះភាគច្រើនលើមនុស្សចាស់ (អាយុលើសពី ៥០ឆ្នាំ)។ វាគឺជាការដុះនូវដុំសាច់ដែលមានការវិវត្តរីកធំលឿនខុសធម្មតាក្នុងក្រពះ រឺពោះវៀនធំ។ តាមរយៈទិន្នន័យដែលមានកន្លងមកគេសង្កេតឃើញថា មហារីក្រពះ និងពោះវៀនមានអត្រាខ្ពស់ ហើយអត្រាមរណភាពរបស់វាក៏ខ្ពស់ក្នុងពិភពលោកទាំងមូល។ លើសពីនេះទៅទៀតក្នុងប្រទេសកម្ពុជាយើង ការសិក្សាបានបង្ហាញថា មានករណីអ្នកជំងឺដែលមានមហារីកកើតមានក្នុងអាយុតិចជាង៤០ឆ្នាំក៏មានចំនួនមិនតិចដែរ។
២). អ្វីទៅជាការឆ្លុះក្រពះពោះវៀនរុករកជំងឺមហារីកក្នុងដំណាក់កាលដំបូង? តើវាមានសារៈប្រយោជន៍អ្វីខ្លះ?
គឺជាការឆ្លុះក្រពះពោះវៀនដោយប្រើប្រាស់នូវបច្ចេកវិទ្យាថ្មី (ដោយម៉ាស៊ីន Endoscopy ទំនើប បំពាក់ដោយប្រព័ន្ធ NBI) ដែលប្រទេសជឿនលឿនជាច្រើនកំពុងអនុវត្តប្រកបដោយជោគជ័យ ដើម្បីរុករកមើលនូវវត្តមាននៃកោសិកាមហារីកក្រពះពោះវៀនក្នុងដំណាក់ដំបូង។
វាមានសារៈប្រយោជន៍សំរាប់ធ្វើរោគវិនិច្ឆ័យទាន់ពេលវេលា និងធ្វើការព្យាបាលដោយពុំចាំបាច់ធ្វើការវះកាត់។
៣) ហេតុអ្វីចាំបាច់ត្រូវរកជំងឺមហារីកនេះអោយឃើញក្នុងដំណាក់កាលដំបូង?
ជាទូទៅជំងឺមហារីកក្រពះនិងពោះវៀន វាមិនមានលេចចេញជារោគសញ្ញាអ្វីដែលគួរអោយកត់សំគាល់ទេនៅដំណាក់កាលដំបូង។ ពេលដែលលេចចេញរោគសញ្ញា គឺបញ្ជាក់ថាជំងឺបានធ្វើការវិវត្តធ្ងន់ធ្ងររួចទៅហើយ ដែលធ្វើអោយការព្យាបាលមានការលំបាក និងមិនអាចធានាបានថាជាដាច់បាន១០០% ដោយការព្យាបាលភាគច្រើនជាការសម្រន់។ ផ្ទុយទៅវិញបើយើងអាចរកឃើញជំងឺនេះទាន់នៅដំណាក់ការដំបូង នោះការព្យាបាលមានសភាពងាយស្រួល និងអាចជាបាន១០០% ដោយពុំចាំបាច់ធ្វើការវះកាត់ ឬប្រើថ្នាំគីមីឡើយ។
៤). តើវាមានរោគសញ្ញាអ្វីខ្លះ?
ជាទូទៅក្នុងដំណាក់កាលដំបូង ជំងឺមហារីកក្រពះពោះវៀនមិនមានរោគសញ្ញាច្បាស់លាស់ទេ។ រោគសញ្ញាអាចកើតមានលុះត្រាណាតែជំងឺមានលក្ខណៈធ្ងន់ធ្ងរ។ រោគសញ្ញាគ្រោះថ្នាក់មួយចំនួនដែលត្រូវប្រយ័ត្នរួមមាន៖
- ពិបាកលេប រឺលេបមានការឈឺចាប់តាមបំពង់អាហារ
- ក្អួតមិនបាត់
- មានភាពស្លេកស្លាំង
- ដុំពោះនៅចុងដង្ហើម
- ឈឺពោះររាំរ៉ៃ
- ឈឺងើបពេលយប់
- ប្រវត្តិគ្រួសារមានជំងឺមហារីកបំពង់អាហារ ក្រពះ ពោះវៀន និងការបត់ជើងមានឈាម។
៥). តើជំងឺមហារីកក្រពះពោះវៀនអាចបង្ការបានដែរឬទេ?
មានវិធីសាស្រ្តមួយចំនួនដែលអាចជួយអោយយើងអោយបង្ការជំងឺមហារីកនឹងក្រពះ និងពោះវៀនធំបានដូចជា៖
- ការធ្វើតេស្ត និងព្យាបាលមេរោគក្រពះ
- បញ្ឈប់ការពិសារស្រា បារី និងជៀសវាងការបរិភោគប្រចាំថ្ងៃ នូវអាហាររហ័សនិងសាច់ក្រហម ឬអាហារកែច្នៃ (Fast food and red meat or processed food) ជៀសវាងការបរិភោគអាហារប្រៃ និងចំណីអាហារផ្អាប់
- ការធ្វើការឆ្លុះក្រពះ និងពោះវៀនចំពោះអ្នកដែលមានអាយុចាប់ពី ៤៥ឆ្នាំទៅ
- ធ្វើតេស្តរកគ្រាប់ឈាមក្រហមនៅក្នុងលាមក
« សូមលោកអ្នក អញ្ជើញមកជួបពិគ្រោះ និងធ្វើរោគវិនិច្ឆ័យជាមួយក្រុមវេជ្ជបណ្ឌិតជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត ជាមួយជំនួយបច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើប ដើម្បីឈានទៅរកការព្យាបាលទាន់ពេលវេលា ជៀសវាងការយឺតយាវនិងផលវិបាកអាយុជីវិត។
ការបង្ការនិងការទប់ស្កាត់ផ្តើមពីការចូលរួមរបស់យើងទាំងអស់គ្នា!»
ប្រភព៖ facebook page Hospital Calmette

