ការរលាកនៅផ្នែកណាមួយនៃប្រព័ន្ធបង្ហូរទឹកនោម (ក្នុងតម្រងនោម, បំពង់បង្ហូរទឹកនោម, ប្លោកនោម រឺបង្ហួរនោម) ច្រើនបង្កឡើងដោយមេរោគដែលមានប្រភពពីស្បែកនៅបរិវេណប្រដាប់បន្តពូជខាងក្រៅ និងផ្លូវលាមក។ មេរោគធ្វើដំណើរឡើងបញ្ច្រាសពីចរន្តទឹកនោម គឺចូលតាមបង្ហួរនោម និងឡើងមកលើតាមផ្លូវបង្ហូរទឹកនោម ហើយជាទូទៅមនុស្សស្រីមានហានិភ័យទៅនិងជំងឺនេះ ជាងមនុស្សប្រុសដោយសារភាពខ្លីនៃបង្ហួរនោមរបស់គាត់។

១) រោគសញ្ញា

ការរលាកផ្លូវបង្ហូរទឹកនោមអាចស្តែងចេញជារោគសញ្ញាដូចខាងក្រោម

  • ការឈឺចាប់ផ្សា ក្រហាយនៅតាមបង្ហួរនោមពេលកំពុងនោម
  • ការឈឺស្ទុំៗ នៅផ្នែកខាងក្រោម និងចំកណ្តាលនៃពោះ
  • នោមញឹកខុសធម្មតា
  • ទឹកនោមមានខ្ទុះ រឺមានពណ៌ល្អក់

ក្រៅពីនេះមានរោគសញ្ញារួមផ្សំផ្សេងទៀតដែលអាចបញ្ជាក់ពីភាពធ្ងន់ធ្ងរនៃជំងឺ

  • ក្តៅខ្លួន (លើសពី 38°C)
  • ឈឺចុកចាប់ខ្លាំងនៅផ្នែកចង្កេះមួយចំហៀង
  • នោមមានឈាម
  • ស្ទះនោម រឺអត់មានទឹកនោម

ការរលាកធ្ងន់ធ្ងរនេះ អាចមានប្រភពមកពីការរលាកក្រពេញប្រូស្តាតចំពោះបុរស រឺរលាកតម្រងនោមស្រួចស្រាល (postatite ou pyélonéphrite aiguë) ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត។

២) ការព្យាបាល

ជំងឺរលាកផ្លូវទឹកនោម តម្រូវអោយអ្នកជំងឺមកជួបពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីពិនិត្យតាមដានកំណត់មេរោគ ដែលជាប្រភពនៃជំងឺ រឺស្វែងរកមូលហេតុដែលបណ្តាលអោយមានការរលាកម្តងហើយម្តងទៀត។

  • ជាទូទៅក្នុងករណីរលាកធម្មតា ជំងឺនេះអាចព្យាបាលបានតាមរយៈការលេបថ្នាំផ្សះនៅផ្ទះដែលចេញដោយវេជ្ជបញ្ជាត្រឹមត្រូវ (Traitement ambulatoire) និងតម្រូវអោយមានការតាមដានពីការវិវត្តន៍នៃជំងឺជាមួយគ្រូពេទ្យដែលព្យាបាល។
  • ក្នុងករណីធ្ងន់ធ្ងរនៃជំងឺនេះ ការព្យាបាលនិងតាមដានត្រូវធ្វើឡើងនៅមន្ទីរពេទ្យ។

៣) វិធីការពារ

ដើម្បីការពារកុំអោយកើតជំងឺរលាកផ្លូវបង្ហូរទឹកនោមសូមអនុវត្តដូចខាងក្រោម

  • ការធ្វើអនាម័យក្រោយបន្ទោរបង់រួច(លាងសំអាតពីមុខទៅក្រោយ)
  • ការបត់ជើងតូចម្តងក្រោយរួមដំណេក
  • អនាម័យនៃប្រដាប់បន្តពូជក្រៅ (ខោក្នុង, សំឡីអនាម័យចំពោះស្ត្រី)
  • ជៀសវាងការធន់ទ្រាំយូរនឹងការទៅនោម
  • ព្យាយាមពិសារទឹកពី ២លីត្រ ទៅ ២លីត្រកន្លះ ក្នុងមួយថ្ងៃ ដើម្បីរក្សាចំណុះទឹកនោមពី ១លីត្រកន្លះ ទៅ២លីត្រ ក្នុងមួយថ្ងៃ។

“ បើសិនបើលោក លោកស្រីអ្នកមានអាការៈដូចបានរៀបរាប់ខាងលើ សូមមេត្តាប្រញាប់មកពិគ្រោះជាមួយក្រុមគ្រូពេទ្យ ឯកទេស ជំនាញ ជៀសវាងការបណ្តែតបណ្តោយជំងឺនេះ និងទុកឲ្យហួសពេលវេលា ដែលអាចបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតបាន។ “

ប្រភព៖ facebook page Hospital Calmette