ជាជំងឺមួយដែលជួបញឹកញាប់ជាងគេ និងមានប្រមាណ៣០%នៃស្ត្រី ជាពិសេសស្ត្រីវ័យចំណាស់ និងអស់រដូវ។ ជំងឺនេះបង្កឲ្យមានផលវិបាកធ្ងន់ធ្ងរដល់សុខភាព និងមានផលរំខានដល់ប្រព័ន្ធបង្ហូរទឹកនោមខាងក្រោម សុខភាពផ្លូវភេទ និងការបន្ទោរបង់លាមក។

១) មូលហេតុ

កត្តាដែលប្រឈមចំពោះស្ត្រីនឹងជំងឺនេះមាន

  • ភាពចុះខ្សោយប្រព័ន្ធទម្រអាងត្រគាក (Défaillance du système d’amarrage)
  • ភាពមិនធម្មតារបស់ឆ្អឹងអាងត្រគាក ដែលមានពីកំណើត (anomalie osseuse)
  • ភាពចុះខ្សោយ ស្វិត និងយារ របស់សាច់ដុំអាងត្រគាក
  • ស្ត្រីធ្លាប់សម្រាលកូនច្រើន ដែលធ្វើឲ្យចុះខ្សោយសាច់ដុំអាងត្រគាក
  • មានជំងឺទល់លាមកញឹកញាប់
  • ធ្វើការធ្ងន់ រឺលើករបស់របរធ្ងន់ៗ
  • ស្ត្រីឆាប់អស់រដូវ ដោយសារកង្វះអរម៉ូន
  • ស្ត្រីដែលធ្លាប់មានការវះកាត់ជំងឺស្បូន និងជំងឺទ្វារលាមក

២) រោគសញ្ញា

ជាទូទៅជំងឺនេះមានរោគសញ្ញាដូចជា

  • មានផលរំខានលើមុខងារបង្ហូរទឹកនោម
  • អ្នកជំងឺជ្រាបទឹកនោម នៅពេលប្រឹង ក្អក សើច រឺលើករបស់ធ្ងន់ ។ល។
  • អ្នកជំងឺមានអារម្មណ៍ថា ហាក់ដូចជាមានដុំទឹងណែនរំខាននៅក្នុងទ្វារមាស
  • អ្នកជំងឺមានផលរំខានក្នុងការបន្ទោរបង់លាមក
  • អ្នកជំងឺអាចជ្រាបលាមក រឺលេចផោម ដោយឯកឯង
  • ឈឺនៅអាងត្រគាក
  • មានធ្លាក់ស
  • រលាកទ្វារមាស
  • ផលរំខានក្នុងការរួមភេទ
  • ក្នុងករណីធ្ងន់ធ្ងរ អ្នកជំងឺមានលៀនចេញនូវសរីរាង្គមួយចំនួនដូចជា ផ្លោកនោម ស្បូន ទ្វារលាមក តាមទ្វារមាសចេញមកក្រៅ

៣) ការព្យាបាល

វិធីព្យាបាលនៃជំងឺនេះមាន ៣ប្រភេទ:

ក. ការព្យាបាលដោយប្រើថ្នាំ

ស្ត្រីអាចប្រើថ្នាំអរម៉ូនមួយចំនួន ដើម្បីជួយកុំឲ្យឆាប់អស់រដូវ និងធ្វើឲ្យប្រព័ន្ធទម្រសាច់ដុំអាងត្រគាករឹងមាំ។

ខ. វិធីហាត់ប្រាណ

ការហាត់ប្រាណធ្វើឲ្យសាច់ដុំអាងត្រគាក និងសាច់ដុំពោះរឹងមាំ។

គ. វិធីវះកាត់

  • ការវះកាត់តាមទ្វារក្រោម ដោយយើងធ្វើការវះកាត់យកស្បូនចេញ ហើយនិងជួសជុលមុខងារបង្ហូរទឹកនោម ផ្លោកនោម ទ្វារលាមក និងសុខភាពផ្លូវភេទ។
  • ការវះកាត់ដោយប្រើឧបករណ៍ចោះ យើងអាចចងទប់ស្បូនទៅនឹងឆ្អឹងអាងត្រគាកផ្នែកខាងក្រោយ។ វិធីនេះមានសារៈប្រយោជន៍សំខាន់ដល់ស្ត្រី ដោយរក្សាទុកស្បូន សុខភាពបន្តពូជ ជាពិសេសស្ត្រីដែលនៅវ័យក្មេង អាចឲ្យមានបុត្រទៅថ្ងៃក្រោយ។

“ប្រសិនបើស្ត្រីដែលមានរោគសញ្ញាដូចរៀបរាប់ខាងលើ រឺស្ត្រីដែលអស់រដូវមានបំណងទទួលព័ត៌មានលំអិតបន្ថែម សូមមេត្តារួសរាន់មកពិគ្រោះ និងពិនិត្យសុខភាព ជាមួយក្រុមការងារវេជ្ជបណ្ឌិតឯកទេស ថែទាំ និងព្យាបាលរោគស្ត្រី នៅមន្ទីរពេទ្យកាល់ម៉ែត។”

ប្រភព៖ facebook page Hospital Calmette