ក្រោយពីកាត់ថង់ទឹកប្រម៉ាត់ចេញ តើអ្នកជំងឺអាចពុលចំណីអាហារឬទេ?

១) ថង់ទឹកប្រម៉ាត់ជាអ្វី? មានមុខងារអ្វីខ្លះ?

  • ថង់ទឹកប្រម៉ាត់ ជាសរីរាង្គ ដូចជាថង់តូចមួយនៅជាប់នឹងថ្លើម ប្រវែងជាមធ្យម ១០សង់ទីម៉ែត្រ តភ្ជាប់ទៅផ្លូវទឹកប្រម៉ាត់ ដែលហូរពីថ្លើមទៅពោះវៀន (Canal du cholédoque)។
  • វាមានមុខងារជាកន្លែងផ្ទុកទឹកប្រម៉ាត់បម្រុង ដែលបញ្ចេញដោយថ្លើម។ ទឹកប្រម៉ាត់នេះ មានមុខងារជួយសម្រួលបន្ថែមដល់ការរំលាយអាហារ និងសារធាតុខ្លាញ់មួយចំនួន។

២) មូលហេតុ ឈានដល់ការកាត់ថង់ទឹកប្រម៉ាត់

  • ការរលាកថង់ទឹកប្រម៉ាត់ដោយមេរោគ ឬដុំគ្រួស
  • ដុះគ្រួសនៅផ្លូវទឹកប្រម៉ាត់ចម្បង
  • ការដុះដុំសាច់
  • ជំងឺមហារីកថង់ទឹកប្រម៉ាត់

៣) តើមានអ្វីកើតឡើងបន្ទាប់ពីកាត់ថង់ទឹកប្រម៉ាត់ចេញ (Cholécystectomie) ?

  • ក្រោយពីកាត់ថង់ទឹកប្រម៉ាត់ចេញ ថ្លើមនៅតែបញ្ចេញទឹកប្រម៉ាត់ដូចធម្មតា ទៅកាន់ពោះវៀន ដើម្បីរំលាយអាហារ។ គ្រាន់តែគ្មានការបម្រុងទុកប៉ុណ្ណោះ។
  • បន្ទាប់ពីកាត់ថង់ទឹកប្រម៉ាត់ ក្នុងខ្លួនយើងបានបង្កើតបាតុភូតសម្របសម្រួលមួយឡើង (Phénomène de compensation) ។ ផ្លូវទឹកប្រម៉ាត់ ដែលភ្ជាប់ពីថ្លើមទៅពោះវៀន រីកធំជាងមុនបន្តិច ដើម្បីឆ្លើយតបទៅនឹងបាតុភូតនេះ។
  • អ្នកជំងឺគ្រប់រូប ក្រោយពីកាត់ថង់ទឹកប្រម៉ាត់ចេញ គាត់អាចបរិភោគចំណីអាហារបានដូចធម្មតា ដោយគ្មានការពុល ឬផលប៉ះពាល់អ្វីផ្សេងឡើយ។

ប្រសិនបើអ្នកជំងឺចុកឆ្អល់ក្នុងពោះ ឬបណ្តាលមកពីបញ្ហាផ្សេងពីនេះ សូមអញ្ជើញមកពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញឯកទេសនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីស្វែងរកមូលហេតុពិតប្រាកដ និងឈានទៅរកការព្យាបាលឲ្យបានត្រឹមត្រូវ។

ប្រភព៖ facebook page Hospital Calmette