ជំងឺខ្សោយបេះដូង គឺជាបញ្ហាចំបងដល់សុខភាពសាធារណៈ !

១) អ្វីជាជំងឺខ្សោយបេះដូង? (Heart failure)

ជំងឺខ្សោយបេះដូងជាការធ្លាក់ចុះ ឬខ្សោយនូវមុខងារបេះដូង ក្នុងការនាំឈាមទៅចិញ្ចឹមសរីរាង្គនៃខ្លួនយើង។

២) ហេតុអ្វី ជំងឺនេះជាកង្វល់ របស់ក្រុមគ្រូពេទ្យបេះដូង?

តាមរបាយការណ៌ថ្មីៗបានបង្ហាញថា ចំនួនអ្នកជំងឺខ្សោយបេះដូងនៅលើពិភពលោកមានប្រមាណ ៦២លាននាក់ ។

  • ជាមូលហេតុទី ១ នៃការចូលសម្រាកពេទ្យចំពោះអ្នកជំងឺដែលមានអាយុលើសពី ៦៥ឆ្នាំ ។
  • អត្រាមរណៈភាពរបស់ជំងឺនេះខ្ពស់ (២៨% ស្លាប់ក្នុងកំឡុងពេល ១ឆ្នាំ និង៥០% ក្នុងកំឡុងពេល ៥ឆ្នាំ ក្រោយធ្វើ រោគវិនិច្ឆ័យ) ដោយឡែក នៅមជ្ឈមណ្ឌលបេះដូងនៃមន្ទីរពេទ្យកាល់ម៉ែតយើងវិញ ចំនួនអ្នកជំងឺខ្សោយបេះដូងចូលសម្រាកពេទ្យ មានប្រមាណ ២០០០នាក់ ក្នុងមួយឆ្នាំ (ប្រហែល៣០% នៃអ្នកជំងឺសម្រាកពេទ្យ) គិតជាមធ្យម ប្រហែល៥នាក់ក្នុងមួយថ្ងៃ។

៣) រោគសញ្ញា

ជំងឺខ្សោយបេះដូងអាចស្តែងចេញជារោគសញ្ញាៈ

  • អស់កំលាំង, ល្ហិតល្ហៃ
  • ពិបាកដង្ហើម, ហត់ដង្ហក់
  • ក្អកញឹកញាប់ ជួនមានស្លេសពណ៌ស ឬក្រហមលាយឈាម
  • ហើមជើង, ឡើងទំងន់លឿន
  • ញរ័ទ្រូង
  • ពិបាកគេង (ជូនកាលអ្នកជំងឺប្រើខ្នើយ ២-៣ជាន់ ដើម្បីគេងបាន)

៤) មូលហេតុ

កត្តា ឬមូលហេតុដែលបង្ក មានដូចជាៈ

  • លើសឈាម (HTN)
  • ជំងឺស្ទះសរសៃឈាមបេះដូង (Coronary artery disease)
  • ជំងឺខូចប្រឺសបេះដូង (Valvular heart disease)
  • ជំងឺបេះដូងពីកំណើត (Congenital heart disease)
  • ជំងឺសាច់ដុំបេះដូង (Cardiomyopathy)
  • ជំងឺវិបត្តិចង្វាក់បេះដូង...

៥) រោគវិនិច្ឆ័យ

អេកូបេះដូង (Heart Ultrasound) ជាមធ្យោបាយចាំបាច់បំផុត សម្រាប់ធ្វើរោគវិនិច្ឆ័យ ក្រៅពីនេះមានៈ

  • ការថតសួត (Chest X-ray)
  • ការវាស់ចង្វាក់បេះដូង (EKG)
  • ការពិនិត្យឈាម
  • ការថតឆ្លុះសរសៃឈាមបេះដូង (Cardiac catheterization)

៦) ផលវិបាក

ផលវិបាកផ្សេងៗនៃជំងឺនេះមានៈ

  • ហើមសួតស្រួចស្រាវ (Acute pulmonary edema)
  • វិបត្តិចង្វាក់បេះដូង
  • គាំងបេះដូង (cardiac arrest) រហូតដល់អាចបាត់បង់ជីវិត។

៧) ការព្យាបាល

  • មកដល់សព្វថ្ងៃនេះ ជំងឺខ្សោយបេះដូងភាគច្រើនមិនអាចព្យាបាលឲ្យជាសះស្បើយទាំងស្រុងទេ។
  • ការព្យាបាលភាគច្រើន ជាការព្យាបាលដើម្បីឲ្យអ្នកជំងឺអាចរស់នៅ និងប្រកបការងារប្រចាំថ្ងៃជាធម្មតានៅក្នុង សង្គម និងកាត់បន្ថយអត្រាមរណភាពឲ្យបានជាអតិបរមា។
  • ការព្យាបាលដោយថ្នាំ អាចធ្វើឲ្យស្ថានភាពបេះដូងនឹងនរ កាត់បន្ថយរោគសញ្ញា កាត់បន្ថយផលវិបាក និង ហានិភ័យផ្សេងៗ។
  • ជួនពេលខ្លះ ការឆ្លុះសរសៃឈាមបេះដូង និងដាក់រឺស័រក្នុងសរសៃរឈាមបេះដូង ជាជម្រើសដ៏ល្អប្រសើរសម្រាប់ អ្នកជំងឺដែលបណ្តាលមកពីស្ទះសរសៃឈាមបេះដូង។
  • ក្នុងករណីខ្លះ ការព្យាបាលដោយវះកាត់ មានការចាំបាច់ចំពោះអ្នកជំងឺដែលខូចប្រឺសបេះដូងធ្ងន់ធ្ងរ។
  • ក្នុងករណីខ្លះទៀត អ្នកជំងឺតម្រូវឲ្យធ្វើការព្យាបាលដោយដាក់ថ្មបេះដូង។

៨) របបចំណីអាហារ និងរបៀបរបបនៃការរស់នៅៈ ជាកត្តាសំខាន់ក្នុងការ ការពារនិងព្យាបាលជំងឺខ្សោយបេះដូង។

  • កុំបរិភោគអាហារសម្បូរជាតិប្រៃ
  • ឈប់ជក់បារី
  • រក្សាទំងន់ឲ្យសមស្រប (កុំឲ្យធាត់ជ្រុល)
  • កាត់បន្ថយ ឬបញ្ឈប់ការពិសារគ្រឿងស្រវឹង
  • កាត់បន្ថយការបរិភោគអាហារសម្បូរខ្លាញ់
  • បរិភោគបន្លែ ផ្លែឈើ ឲ្យបានច្រើន
  • ហាត់ប្រាណឲ្យបានទៀងទាត់
  • កាត់បន្ថយភាពតានតឹងអារម្មណ៍ (Stress)
  • គ្រប់គ្រងសម្ពាធឈាមឲ្យបានត្រឹមត្រូវ ប្រសិនបើលោកអ្នកមានជំងឺលើសឈាម។
  • ត្រូវពិសារថ្នាំទៀងទាត់ និងតាមដានឲ្យបានត្រឹមត្រូវ ជាមួយគ្រូពេទ្យឯកទេស

ប្រសិនបើបងប្អូន មានរោគសញ្ញាដូចបានរៀបរាប់ខាងលើ សូមរួសរាន់ និងអញ្ជើញមកទទួលការពិគ្រោះយោបល់ ដើម្បីឈានទៅរកការព្យាបាលឲ្យបានទាន់ពេលវេលានិងប្រកបដោយគុណភាព ជាមួយបច្ចេកវិទ្យាទំនើប ពីក្រុមគ្រូពេទ្យឯកទេសបេះដូង នៃមន្ទីរពេទ្យកាល់ម៉ែត។

ប្រភព៖ facebook page Hospital Calmette