បើទោះជាមានមូលហេតុផ្សេងៗគ្នានៃការកកើត ទំហំតូចឬធំ គ្រួសតម្រងនោមអាចសម្ងំនៅក្នុងខ្លួនមនុស្ស ដោយមិនបញ្ចេញជារោគសញ្ញាអ្វីទាំងអស់ដល់អ្នកជំងឺ ជាពិសេសនៅពេលដែលវាមិនទាន់ធ្វើអោយស្ទះដល់លំហូរនៃប្រព័ន្ធទឹកនោម។
នៅពេលដែលក្រួសតម្រងនោមរំកិល ឬធ្វើឲ្យស្ទះដល់ដំណើរលំហូរនៃទឹកនោម ព្រឹត្តការណ៍ពីរធំៗអាចកើតមានឡើង៖
១) ការឈឺចាប់ខ្លាំងនៅតំបន់ចង្កេះ (Colique néphrétique)៖
ការឈឺចាប់នេះបណ្តាលមកពីការស្ទះភ្លាមៗនៃប្រព័ន្ធទឹកនោមផ្នែកខាងលើ (អាចខាងឆ្វេង ឬខាងស្តាំ) បណ្តាលឲ្យមានការរីកធំដោយការដក់ទឹកនោមនៅក្នុងតម្រងនោម។ ការឈឺចាប់នេះអាចនឹងធូរស្បើយទៅវិញដោយសារ៖
ក- ការធ្លាក់ផុតពីបំពង់ទឹកនោមចូលទៅក្នុងផ្លោកនោម ដោយគ្រួសដែលមានទំហំតូចៗ (៣-៤មម)
ខ- ការបែកធ្លាយនៃប្រព័ន្ធទឹកនោមផ្នែកខាងលើ (Rupture fornix)
គ- ការប្រើថ្នាំបំបាត់ការឈឺចាប់
ចំណាំ៖ គ្រោះថ្នាក់ធ្ងន់ធ្ងររហូតខូចតម្រងនោម ភាគច្រើនជួបប្រទះក្នុងករណីចុងក្រោយ ដែលអ្នកជំងឺលែងមានការឈឺចាប់បន្ទាប់ពីពិសារថ្នាំ ហើយគិតថាគ្រាប់ក្រួសជ្រុះ ឬធ្លាក់បាត់។ ផ្ទុយទៅវិញក្រួសនោះអាចនៅបន្តស្ទះដោយលែងមានរោគសញ្ញាឈឺចាប់ខ្លាំងដូចពីដំបូង។ ដោយសារការស្ទះនេះ តម្រងនោមនឹងចាប់ផ្តើមខ្សោយបន្តិចម្តងៗ រហូតដល់ខូចលែងដំណើរការ។
២) ការឈឺចាប់នៅតំបន់ចង្កេះរួមទាំងមានការក្តៅខ្លួន (Pyélonéphrite aiguë)៖
គឺជាការស្ទះនៅផ្លូវបង្ហូរទឹកនោម រួមទាំងការរលាកស្រួចស្រាវដល់បំពង់ទឹកនោម និងតម្រងនោម ដែលស្ទះនោះ។ កត្តាចម្បងដែលធ្វើឲ្យមានមេរោគ ឬខ្ទុះក្នុងប្រព័ន្ធបង្ហូរទឹកនោមគឺការចាល់ ឬស្ទះទឹកនោមនៅផ្នែក ណាមួយនៃប្រព័ន្ធ។ ការរលាកតម្រងនោមស្រួចស្រាវបណ្តាលមកពីការស្ទះទឹកនោម (Pyélonéphrite aiguë obstructive) ជាករណីបន្ទាន់វេជ្ជសាស្ត្រ ដែលអាចធ្វើឲ្យអ្នកជំងឺគ្រោះថ្នាក់រហូតដល់បាត់បង់អាយុជីវិត ប្រសិនបើមិនមានការព្យាបាលត្រឹមត្រូវ និងទាន់ពេលវេលា។
នៅមន្ទីរពេទ្យកាល់ម៉ែត យើងជួបប្រទះករណីអ្នកជំងឺធ្ងន់ធ្ងរ ដែលមានសញ្ញាគំរាមកំហែងដល់អាយុជីវិត ដូចករណីខាងលើ មាន ៣ ទៅ ៤ ករណីជាមធ្យមក្នុងមួយខែ។ អ្នកជំងឺទាំងនោះភាគច្រើនស្តែងចេញ ជាសញ្ញាដូចខាងក្រោម (Septicémie)៖
- ស្មារតីមិននឹងនរ
- សម្ពាធឈាមមិននឹងនរ (ស្រុតចុះ)
- ក្តៅខ្លួន (+/-)
- ហត់
ក្រោយការធ្វើរោគវិនិច្ឆ័យពីការរលាកតំរងនោមស្រួចស្រាវដោយការស្ទះ ការព្យាបាលដោយថ្នាំ នៅផ្នែកសង្គ្រោះបន្ទាន់កម្រិតធ្ងន់ បូករួមទាំងការបង្ហូរទឹកនោមដែលមានមេរោគ ឬខ្ទុះទាន់ពេលវេលា គឺអាចជួយសង្គ្រោះជីវិតអ្នកជំងឺឡើងវិញបាន។
ដើម្បីការពារកុំឲ្យក្រួសតម្រងនោមផ្តល់ផលវិបាករហូតដល់ខូចតម្រងនោម ឬមហន្តរាយដល់អាយុជីវិត សូមបងប្អូនអញ្ជើញទៅពិគ្រោះយោបល់ ធ្វើរោគវិនិច្ឆ័យ និងទទួលការព្យាបាលនៅមន្ទីរពេទ្យដែលមានគ្រូពេទ្យជំនាញឯកទេសច្បាស់លាស់។
“សូមអញ្ជើញលោក លោកស្រី ដែលសង្ស័យមានរោគសញ្ញាក្រួសតម្រងនោម មកមន្ទីរពេទ្យកាល់ម៉ែត ដើម្បីជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញផ្នែកវះកាត់ប្រព័ន្ធម៉ូតសាស្ត្រ ធ្វើការរករោគវិនិច្ឆ័យ ពិសេសការព្យាបាលដោយការឆ្លុះ ចាប់ និងបំបែកគ្រួសតាមបង្ហួរនោមដោយ ឧបករណ៍ដែលមានទំហំតូច មានភាពងាយស្រួល ប្រកបដោយសុវត្ថិភាព និងគ្មានការឈឺចាប់។”
ប្រភព៖ facebook page Hospital Calmette


