វិភាគខួរឆ្អឹង (myélogramme) គឺជាការវិភាគកោសិកាឈាមដែលអនុញ្ញាតដល់ការសិក្សាខួរឆ្អឹង ដើម្បីបង្ហាញព័ត៌មានពីភាពមិនប្រក្រតី ទាំងបរិមាណ និងគុណភាព នៃមុខងារការផលិតកោសិកាគ្រាប់ឈាម។
១) អ្វីទៅហៅថាខួរឆ្អឹង?
ខួរឆ្អឹង គឺជាកន្លែងផលិតកោសិកាគ្រាប់ឈាមដើម ដែលមានកោសិកាគ្រាប់ឈាមក្រហម កោសិកាគ្រាប់ឈាមស និងកោសិកាប្លាកែត។ (បញ្ជាក់: ខួរឆ្អឹងខុសពីខួរឆ្អឹងខ្នង)
២) តើពេលណាដែលត្រូវធ្វើការវិភាគកោសិកាគ្រាប់ឈាមនៅក្នុងខួរឆ្អឹង?
មុនធ្វើការវិភាគខួរឆ្អឹង អ្នកត្រូវធ្វើការ វិភាគគ្រាប់ឈាមជាមុនសិន។
- បើការវិភាគកោសិកាគ្រាប់ឈាមនៅក្នុងឈាមបង្ហាញភាពមិនប្រក្រតីណាមួយនៃកោសិកាឈាម។
- រឺពេលខ្លះ ការវិភាគកោសិកាគ្រាប់ឈាមនៅក្នុងឈាមបង្ហាញជាលក្ខណៈធម្មតាក៏ដោយ តែមានរោគសញ្ញាសង្ស័យមួយចំនួនដែលទាក់ទងនឹងជំងឺគ្រាប់ឈាម។
៣) តើពេលណាត្រូវធ្វើការវិភាគគ្រាប់ឈាមនៅក្នុងឈាម?
- នៅពេលមានរោគសញ្ញាមួយចំនួនដូចជា អស់កម្លាំង ក្តៅខ្លួន កន្ទួលរឺជាំលើស្បែកហូរឈាម។
- រាល់គ្រប់អ្នកជំងឺទាំងអស់ ព្រោះថាការវិភាគគ្រាប់ឈាមនៅក្នុងឈាម បានផ្តល់ព័ត៌មានមួយផ្នែកសម្រាប់ការវិភាគបញ្ជាក់រោគវិនិច្ឆ័យនៃជំងឺ រឺមួយអាចរកឃើញដោយចៃដន្យនៃជំងឺគ្រាប់ឈាមក្នុងប្រការណាមួយ។
៤) ភាពមិនប្រក្រតី នៃកោសិកាគ្រាប់ឈាមនៅក្នុងឈាម មានដូចជា:
- វត្តមាននៃកោសិកាដើម រឺកោសិកាមិនធម្មតានៅក្នុងឈាម (blastes, atypique,...)
- ចំនួនកោសិកាថយចុះខ្លាំង (bicytopénie, pancytopénie, ...)
- ចំនួនកោសិកាកើនឡើងខ្លាំង (Hyperleucocytose, polyglobulie, thrombocytose)
៥) វិធីចោះបូមយកខួរឆ្អឹង (ponction sternale, ponction iliaque)៖
ការបូមខួរឆ្អឹងគឺជាកាយវិការវេជ្ជសាស្ត្រ (geste médical) ដោយបូមខួរឆ្អឹងចេញពីឆ្អឹងទ្រូង (sternum) រឺឆ្អឹងត្រគៀក (crête iliaque) ដោយគ្មានការឈឺចាប់ តាមរយៈថ្នាំស្ពឹកប្រើនៅនឹងកន្លែង បន្ទាប់មកយកទៅវិភាគនឹងមីក្រូទស្សន៍ដោយគ្រូពេទ្យឯកទេសផ្នែកគ្រាប់ឈាម។
៦) តើពេលណាត្រូវជៀសវាងការធ្វើវិធីបូមខួរឆ្អឹង?
- មានវិបត្តិការហូរឈាមធ្ងន់ធ្ងរ (trouble de la coagulation grave)
- ប្រវត្តិធ្លាប់វះកាត់ទ្រូង (thoracotomie)
- បន្ទាប់ពីការព្យាបាលដោយកម្មរស្មីអ៊ិច នៅកន្លែងខួរឆ្អឹង
៧) លទ្ធផលនៃការវិភាគខួរឆ្អឹងបង្ហាញអំពី៖
- ការវាយតម្លៃរូបភាពទូទៅនៃកោសិកាខួរឆ្អឹង
- កោសិកាមិនធម្មតា ឬកោសិកាមហារីក
- ជំងឺមហារីកគ្រាប់ឈាមស្រួចស្រាល (leucémie aiguë)
- ជំងឺមហារីកគ្រាប់ឈាមរ៉ាំរ៉ៃ (leucémie chronique)
- ជំងឺមហារីកកូនកណ្តុរ (lymphome)
- ជំងឺឈប់ផលិតគ្រាប់ឈាម (aplasie)
- ការកើតឡើងមិនធម្មតានៃកោសិកាគ្រាប់ឈាម (SMD)
- ការកើនឡើងមិនធម្មតានៃកោសិកាគ្រាប់ឈាម (SMP)
- កង្វះគ្រាប់ឈាម (agranulocytose)
- ជំងឺប្លាកែត (thrombopathie)
ចំពោះមុខតម្រូវការចាំបាច់ក្នុងការផ្តល់ជូនសេវាវិភាគកំរិតខ្ពស់ទាំងគុណភាព និងប្រសិទ្ធភាព មន្ទីរពិសោធន៍វិភាគវេជ្ជសាស្ត្រផ្នែកឯកទេសឈាមនៃមន្ទីរពេទ្យកាល់ម៉ែត សហកាយ៉ាងជិតស្និតបំផុតជាមួយក្រុមវេជ្ជបណ្ឌិតឯកទេសគ្រប់ជំនាញដើម្បីទទួលបានពត៍មានគ្រប់ជ្រុងជ្រោយអំពីស្ថានភាពជំងឺ និងផ្តល់ជូនត្រលប់ទៅវិញនូវសេវាវិភាគប្រកបដោយភាពសុក្រឹត ដែលជាការចូលរួមចំណែកផ្តល់ជូនប្រសិទ្ធិភាពកំរិតខ្ពស់នៃការព្យាបាលរាល់គ្រប់ជំងឺពាក់ព័ន្ធនឹងជំងឺកោសិកាគ្រាប់ឈាម និងមហារីកគ្រាប់ឈាមដូចបានរៀបរាប់ខាងលើ។
"វិភាគទាន់ពេលវេលា ដោយភាពច្បាស់លាស់ នាំមកនូវការព្យាបាលមួយ ប្រកបដោយប្រសិទ្ធភាព និងទំនុកចិត្ត"
ប្រភព៖ facebook page Hospital Calmette


